(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨០,៨៣៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤២៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,១៧៤,៥៤៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៣,៧៤៧នាក់ និងជាសះស្បើយឡើងសរុប ៣៥.៨៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅក្នុងសប្តាហ៍នេះ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ឬ ដូសទី ៣ ជា «ចំរុះ» ប៉ុន្តែត្រូវចាក់ឲ្យត្រូវម៉ាកគ្នា ដូចការចាក់កាលពីលើកមុន។ វ៉ាក់សាំងចំរុះដែល FDA ទើបបានអនុម័តឲ្យប្រើប្រាស់ ទូទាំងសហរដ្ឋអាមេរិកនេះគឺ Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង Pfizer ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់មុនគេ តាំងតែពីខែកញ្ញា។ ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ គឺត្រូវតែស្របទៅនឹងម៉ាក ដែលត្រូវបានចាក់កាលពីដូសមុន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤១០លានដូស ក្នុងនោះប្រជាជន ២១៩.៣៨លាននាក់ (៦៦.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៩.៧១លាននាក់ (៥៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕