(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រនេះ បានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៩០ភាគរយ ទើបឲ្យប្រទេសដីកោះនេះ ដកចេញនូវវិធានការបិទខ្ទប់ ខណៈនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បានបង្ហាញពីផែនការ ដើម្បីបើកទ្វារឡើងវិញ បើទោះបីវាពិតជារឿងដែលពិបាកដោះស្រាយយ៉ាងខ្លាំង ចំពោះការរាតត្បាតវីរុសបំប្លែងខ្លួន Delta ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

លោកស្រី Jacinda Ardern បាននិយាយថា គោលដៅរបស់លោកស្រី ត្រូវបានបានផ្លាស់ប្តូរពីការលុបបំបាត់ជំងឺ COVID-19 ឲ្យខាងតែបាន មកជាការកាត់បន្ថយករណីឆ្លងរាតត្បាតនៃជំងឺនេះ នៅក្នុងសហគមន៍វិញ តាមរយៈការបង្កើនអត្រាចាក់វ៉ាក់សាំង។ ការផ្លាស់ប្តូរនេះមានន័យថា ប្រជាជននូវែលសេឡង់ នឹងមិនស្ថិតនៅក្រោមបទបញ្ជាឱ្យស្នាក់នៅផ្ទះ និងបិទអាជីវកម្មទៀតទេ ប្រសិនបើពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)។

លោកស្រី Jacinda Ardern បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យើងមិនអាចសុំឱ្យមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ស្នាក់នៅផ្ទះជារៀងរហូតនោះទេ។ ដូច្នេះប្រសិនបើអ្នកចង់ចូលទៅក្នុងបារ និងភោជនីយដ្ឋាន ចូរទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា»

លោកស្រី Jacinda Ardern បានបញ្ជាក់បន្ថែមថា «ប្រសិនបើអ្នកបានទទួលការចាក់វ៉ាក់សាំងរួចរាល់ អ្នកនឹងរីករាយជាមួយអ្វីដែលអ្នកស្រឡាញ់ ដោយធានាថាមនុស្ស និងបរិយាកាសដែលស្ថិតនៅជុំវិញអ្នក នឹងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន នៅក្នុងពិភពលោកនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រហែល ៨៦ភាគរយនៃប្រជាជននូវែលសេឡង់ បានទទួលការចាក់វ៉ាក់សាំងដូសទី ១ រួចរាល់ហើយ ខណៈ ៦៨ភាគរយ បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ ទោះជាយ៉ាងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នូវែលសេឡង់បានរាយការណ៍ ពីការរកឃើញអ្នកឆ្លង COVID-19 បំប្លែងខ្លួន Delta រហូតដល់ជាង ១០០ករណីក្នុងមួយថ្ងៃ៕