(ព្រុចសែល)៖ រដ្ឋមន្ត្រីការពារជាតិ នៃបណ្ដាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអនុម័តលើផែនការមួយ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាននៅចំពោះមុខជាច្រើន ហើយបានយល់ព្រមផងដែរបើកដំណើរការមូលនិធិ ១ពាន់លានដុល្លារអាមេរិកសម្រាប់ផ្តល់ ហិរញ្ញប្បទានដល់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ខណៈកំពុងមានភាពតានតឹងជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ផែនការទូទៅថ្មីគឺដើម្បីធ្វើ ឱ្យប្រាកដថា «យើងបន្តមានកងកម្លាំងត្រឹមត្រូវនៅកន្លែងត្រឹមត្រូវ និងនៅពេលវេលាត្រឹមត្រូវ»។ រដ្ឋមន្ត្រីទាំងអស់ក៏បានយល់ព្រមតាមដានរាល់ការប៉ុនប៉ងរបស់ក្រុមភេរវករ អន្តរជាតិក្នុងការប្រមូលផ្តុំគ្នាឡើងវិញនៅប្រទេសអាហ្វហ្គានីស្ថានផងដែរ។

លោក Jens Stoltenberg បានបន្ថែមថា «យើងនឹងបន្តធ្វើឱ្យក្រុមតាលីបង់ទទួលខុសត្រូវចំពោះការសន្យារបស់ពួកគេអំពីអំពើភេរវកម្ម ការឆ្លងកាត់ដោយសុវត្ថិភាព និងការគោរពសិទ្ធិមនុស្សជាដើម»

បើតាម លោក Jens Stoltenberg បណ្តាប្រទេសនៃអង្គការ NATO កំពុង «ធ្វើឱ្យមានវឌ្ឍភាពសំខាន់» អំពីរបៀបធ្វើការយ៉ាងជិតស្និទ្ធលើបច្ចេកវិទ្យា ហើយបានចុះហត្ថលេខាលើមូលនិធិ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតនានា៕