(រ៉ង់ហ្គូន)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានចុះចាប់ខ្លួន ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០នាក់ ដែលត្រូវបានដោះលែងនៅក្នុងការលើកលែងទោស កាលពីពេលថ្មីៗនេះ ត្រលប់មកឃុំខ្លួនឡើងវិញ ដោយអ្នកខ្លះក៏ត្រូវបានផ្តន្ទាទោសបន្ថែមទៀតផងដែរ។ នេះបើយោងតាមប្រភពពី ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បាននិងកំពុងស្ថិតក្នុងភាពចលាចល ចាប់តាំងពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ កន្លងមក ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានអះអាងថា មនុស្សជាង ១,១០០នាក់ហើយត្រូវបានសម្លាប់ និងជាង ៨,០០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការបង្រ្កាបលើចលនាក្រុមប្រឆាំងនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងរ៉ង់ហ្គូន, ម៉ាន់ដាឡាយ និងណៃពិដោ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងដោះលែងមនុស្សជាង ៥,០០០នាក់ នៅក្នុងឱកាសនៃពិធីបុណ្យតាមបែបពុទ្ធសាសនា ដែលមានរយៈពេល ៣ថ្ងៃ។ ប្រការនេះបានញុំាងឲ្យក្រុមគ្រួសារ ដែលមានសាច់ញាតិកំពុងជាប់ឃុំ បានប្រញាប់ប្រញាល់ទៅប្រមូលផ្តុំមុខពន្ធនាគារដោយសង្ឃឹមថា នឹងបានជួបជុំជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលនឹងដោះលែង។

គួរបញ្ជាក់ថា ទោះបីជាយោធាមីយ៉ាន់ម៉ាបានអះអាងថា មនុស្សជាង ៥,០០០នាក់ត្រូវបានដោះលែងក៏ពិតមែន ក៏ចំនួននៃអ្នកទោស ដែលត្រូវបានដោះលែងជាក់ស្តែងទូទាំងប្រទេស នៅតែពិបាកក្នុងការផ្ទៀងផ្ទាត់ ហើយមនុស្សជាច្រើនដែលត្រូវបានដោះលែងនោះទៀតសោត គឺបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាថា នឹងមិនប្រព្រឹត្តខុសបែបនេះម្តងទៀតឡើយ។

ទោះជាយ៉ាងណា បើតាមរបាយការណ៍ពីសមាគមផ្តល់ជំនួយ ដល់អ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ( AAPP) បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១០នាក់ ក្នុងចំណោមអ្នកដែលត្រូវបានលើកលែងទោស ត្រូវបានចាប់ខ្លួនត្រលប់ទៅឃុំឃាំងឡើងវិញ។ បើតាមរបាយការណ៍ចុងក្រោយ អាជ្ញាធរមីយ៉ាន់ម៉ាបានដោះលែងអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ប្រមាណជាង ២,០០០នាក់ពីពន្ធនាគារទូទាំងប្រទេសរួចមកហើយ កាលពីអំលុងខែមិថុនា រួមទាំងអ្នកកាសែតរិះគន់រដ្ឋាភិបាលយោធាផងដែរ៕