(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសុក្រនេះបានជំរុញឱ្យប្រជាជន អនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាពិសេសគឺការពាក់ម៉ាស នៅពេលចេញទៅខាងក្រៅផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

លោក Narendra Modi បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ទៅកាន់ប្រជាជាតិរបស់លោកថា «ប្រទេសឥណ្ឌាបានយកឈ្នះលើជំងឺ COVID-19 ក្នុងកម្រិតមួយដ៏ធំ តាមរយៈការចាក់វ៉ាក់សាំងជូនដល់ប្រជាជនជាង ១ពាន់លានដូស ដែលជាព្រឹត្តិការណ៍សម្រេចបាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប៉ុន្តែទោះជាយ៉ាងណា ប្រជាជនគ្រប់រូប គួរតែបន្តអនុវត្តទៅតាមវិធានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត ជំងឺដ៏កាចសាហាវនេះ រួមទាំងការពាក់ម៉ាសផងដែរ។ ដូចយើងពាក់ស្បែកជើង ពេលចេញទៅខាងក្រៅផ្ទះរបស់យើងដែរ យើងក៏ត្រូវបង្កើតទម្លាប់ពាក់ម៉ាស ពេលចេញទៅខាងក្រៅផ្ទះដូចគ្នា»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣៤.១៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤៥៣,០០០នាក់ និងអ្នកជាសះស្បើយជាង ៣៣.៥១លាននាក់។ កាលពីថ្ងៃព្រហស្បតិ៍ ឥណ្ឌាបានប្រកាសពីជោគជ័យដ៏ធំ នៃការចាក់វ៉ាក់សាំងបង្ការ COVID-19 បានចំនួន ១ពាន់លានដូស ក្នុងនោះ ២០% នៃចំនួនប្រជាជនសរុបជាង ១,៣០០លាននាក់ បានទទួលការចាក់គ្រប់ដូស៕