(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍នៅល្ងាចថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះថា មនុស្សយ៉ាងហោចណាស់ ១៥នាក់បានបាត់បង់ជីវិត នៅក្នុងករណីផ្ទុះ និងឆាបឆេះជាបន្តបន្ទាប់ ដែលបានកើតឡើងទៅលើរោងចក្រមួយ ស្ថិតនៅតំបន់ រីយ៉ាហ្សាន (Ryazan) ភាគខាងកើតប្រទេសរុស្ស៊ី នៅក្នុងថ្ងៃសុក្រនេះតែម្តង។

នៅពេលហេតុការណ៍ខាងលើនេះកើតឡើង មនុស្សប្រមាណ ១៧នាក់ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងអគារមានតែមួយជាន់របស់ក្រុមហ៊ុន រ៉ាសយ៉ាដ (Razryad) ដែលមានជំនាញខាងផលិតគ្រឿងផ្ទុះ សម្រាប់បម្រើវិស័យឧស្សាហកម្ម ហើយអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១៥នាក់។

គួរបញ្ជាក់ថា អគ្គិភ័យដែលបានគ្របដណ្តប់លើផ្ទៃដី ១៦០ម៉ែត្រការ៉េត្រូវបានពន្លត់ទាំងស្រុងហើយអគារ សម្រាប់ធ្វើការប្រជុំ និងពិសោធន៍ខាងលើនេះក៏ត្រូវបានបំផ្លាញទាំងស្រុងផងដែរ។ សម្រាប់មូលហេតុនៃគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ៕