(កាប៊ុល)៖ អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ី ហ៊ុលឡោះ មូចាហ៉ីដ (Zabihullah Mujahid) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍សកលចិន (CGTN) ថា សហរដ្ឋអាមេរិកគួរតែទូទាត់សំណង ចំពោះអំពើឃោរឃៅរបស់ខ្លួនដែលប្រព្រឹត្តិលើជនជាតិអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកលពីថ្ងៃទី១៤ ខែតុលាកន្លងទៅនេះបានអះអាងថា ខ្លួនបានផ្តល់ការទូទាត់សំណងមិនជាក់លាក់មួយ ដល់សាច់ញាតិរបស់មនុស្សចំនួន ១០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទាំងកុមារចំនួន ៧នាក់ផងដែរ ដែលត្រូវបានសម្លាប់ដោយកំហុសខុសឆ្គង នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ខណៈកងកម្លាំងអាមេរិកកំពុងបញ្ចប់ការដកខ្លួនចេញពីប្រទេសមួយនេះ។

លោក Zabihullah Mujahid បាននិយាយថា «នេះមិនមែនជាលើកទី១ទេ ដែលអាមេរិកបានសម្លាប់ប្រជាជនអាហ្វហ្គានីស្ថានយ៉ាងឃោរឃៅ។ អាមេរិកបានធ្វើរឿងនេះអស់រយៈពេល ២០ឆ្នាំមកហើយ។ នេះគឺជាមុខមាត់ពិតរបស់អាមេរិក ដែលត្រូវបានលាតត្រដាងនៅចំពោះមុខប្រជាជន និងពិភពលោករបស់យើង»។

លោក Zabihullah Mujahid បានសង្កត់ធ្ងន់ថា «យើងថ្កោលទោសចំពោះទង្វើបែបនេះរបស់អាមេរិក ហើយវាមានសារៈសំខាន់ណាស់ មិនថានៅទីណាទេឱ្យតែអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងជនជាតិអាហ្វហ្កានីស្ថាននោះវាគួរតែត្រូវផ្តល់សំណង»៕