(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូ បាននិយាយថាវ៉ាក់សាំងរបស់ខ្លួនសម្រាប់កុមារមានអាយុ ពី៥ឆ្នាំ ដល់១១ឆ្នាំ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ៩០.៧ភាគរយប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ការបញ្ចេញទិន្នន័យខាងលើរបស់ក្រុមហ៊ុន Pfizer ធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងក្រុមទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech កំពុងដាក់ពាក្យស្នើសុំ ការអនុញ្ញាតពី FDA ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់កុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ជាមួយការអនុវត្តរបបចាក់វ៉ាក់សាំង២ដូស ដែលដូសទាំង២នេះ មានគម្លាតពីគ្នា ៣សប្ដាហ៍។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក, ក្រុមទីប្រឹក្សា FDA នឹងជួបប្រជុំគ្នានៅថ្ងៃទី២៦ ខែតុលានេះ ដើម្បីពិភាក្សាគ្នាថាតើគួរតែអនុញ្ញាតលើការប្រើ វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ដែរឬក៏យ៉ាងណា។ បច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់លើអ្នកមានអាយុ ១៦ឆ្នាំឡើងទៅ ខណៈអេមីរ៉ាតអារ៉ាប់រួមសម្រេចចាក់លើកុមារមានអាយុពី១២ឆ្នាំ ដល់១៥ឆ្នាំ៕