(ហុងកុង)៖ រដ្ឋបាលស្វយ័តពិសេសហុងកុងបានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្តីប្រកាសស្តីពីផែនការ «ជម្រកសុវត្ថិភាព» របស់សហរដ្ឋអាមេរិក និងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការជ្រៀតជ្រែកឥតឈប់ឈររបស់ខ្លួន មកលើបញ្ហាហុងកុង ដែលជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលទីក្រុងហុងកុងបានអះអាងថា សេចក្តីជូនដំណឹងស្តីពីផែនការខាងលើនេះ គឺស្មើនឹងសហរដ្ឋអាមេរិកកំពុងផ្តល់ជូននូវ «ជម្រកសុវត្ថិភាព» ដល់ជនភៀសខ្លួនដែលរត់គេចខ្លួនពីទីក្រុងហុងកុង ឬជាក្រុមមនុស្សដែលកំពុងព្យាយាម គេចចេញពីផ្លូវច្បាប់ ដោយការលាក់ខ្លួននៅប្រទេសនានា ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។

ទីក្រុងហុងកុងបានសង្កត់ធ្ងន់បន្ថែមទៀតថា «បណ្តាប្រទេសដែលកំពុងចាត់វិធានការបែបនេះ គួរតែទទួលខុសត្រូវទាំងស្រុង ចំពោះការបង្កភាពតានតឹង ដែលមិនចាំបាច់ទាល់តែសោះ រវាងប្រទេសពាក់ព័ន្ធ និងមាតុភូមិរបស់យើង»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងលម្អិត អំពីផែនការផ្តល់ «ជម្រកសុវត្ថិភាព» បណ្តោះអាសន្ន ដែលប្រការនេះនឹងអនុញ្ញាតឲ្យប្រជាជនហុងកុង អាចធ្វើការងារ និងស្នាក់នៅសហរដ្ឋអាមេរិកបានរហូតដល់ទៅ ១៨ខែ។ សកម្មជនហុងកុង ដែលកំពុងរស់នៅនិរទេសនៅបរទេស ក៏កំពុងអំពាវនាវឲ្យសភាអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធផែនការខាងលើនេះផងដែរ៕