(ឡុងដ៍)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងចក្រភពអង់គ្លេស បាននិយាយថាវីរុស COVID-19 បំប្លែងខ្លួនថ្មី Delta Plus អាចមានសមត្ថភាពចម្លងជំងឺលឿនរហ័សជាង វីរុសបំប្លែងខ្លួនថ្មី Delta ធម្មតា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ការអះអាងខាងលើធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីទីភ្នាក់ងារសន្តិសុខសុខាភិបាលនៃចក្រភពអង់គ្លេស (UKHSA) ដោយផ្អែកលើការសិក្សាស្រាវជ្រាវ របស់ពួកគេនាពេលកន្លងទៅមក។ ទីភ្នាក់ងារមួយនេះមិនទាន់អាចបានបញ្ជាក់ឱ្យច្បាស់ថាតើវីរុស COVID-19 បំប្លែងខ្លួនថ្មី Delta Plus អាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរជាងវីរុស Delta ឬក៏យ៉ាងនោះទេ? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែជឿជាក់ដដែលវ៉ាក់សាំងបង្ការដែលមានស្រាប់នាពេលបច្ចុប្បន្ន អាចការពារមនុស្សពីវីរុសទាំងនេះបាន។

គួរបញ្ជាក់ថា ខណៈវីរុស Delta ធម្មតាកំពុងរ៉ាប់រងករណីឆ្លង COVID-19 ភាគច្រើននៅក្នុងចក្រអង់គ្លេស, វីរុសបំប្លែងថ្មីវីរុស Delta Plus ក៏ត្រូវបានគេមើលឃើញថា កំពុងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយវារ៉ាប់រងករណីឆ្លង COVID-19 ថ្មីៗ ៦ភាគរយ៕