(វ៉ាស៉ីនតោន)៖ បើយោងតាមគេហទំព័រសារព័ត៌មានអាមេរិក The National បានឱ្យដឹងថា COVID-19 បានក្លាយជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតនៅក្នុង ប្រវត្តិសាស្ត្រអាមេរិក ដោយបានឆក់យកអាយុជីវិតមនុស្សច្រើនជាងជំងឺអេដស៍ (HIV/AIDS) ទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មានអាមេរិក The National បានសរសេរនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះថាវិធីសាស្រ្តដោះស្រាយដំបូង របស់រដ្ឋាភិបាលអាមេរិកចំពោះជំងឺអេដស៍ និងជំងឺ COVID-19 គឺជា «ការព្រងើយកណ្តើយបំផុត»។ របាយការណ៍នេះឱ្យដឹងទៀតថានៅពេលដែលជំងឺអេដស៍ បានឆ្លងរីករាលដាលពាសពេញសហគមន៍នៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ រដ្ឋាភិបាលសហព័ន្ធមានភាពប្រងើយកណ្ដើយ ចំពោះការដោះស្រាយលើបញ្ហានេះ ហើយថែមទាំងកាត់បន្ថយការចំណាយលើភ្នាក់ងារសុខភាពសាធារណៈទៀតផង។

របាយការណ៍នេះ បានចង្អុលបង្ហាញថា ទាក់ទងនឹងជំងឺ COVID-19 នៅពេលដែលវាត្រូវបានគេរាយការណ៍ បានឆ្លងរីករាលដាលដល់សហរដ្ឋអាមេរិក សេតវិមានបានបង្រួមហានិភ័យឱ្យតូច ដោយនិយាយថាវាគ្រាន់តែជា «ជំងឺផ្តាសាយធម្មតា» ប៉ុណ្ណោះ។ វិបត្តិទាំងពីរបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ ក្រុមជនជាតិភាគតិច និងសហគមន៍ក្រីក្រជាច្រើន។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជំងឺ COVID-19 បានសម្លាប់មនុស្សប្រហែល ៧៣០,០០០នាក់ហើយនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលវាត្រូវបានគេជឿថា យ៉ាងហោចណាស់មនុស្សប្រហែល ៧០០,០០០នាក់នៅក្នុងប្រទេសនេះបានស្លាប់ដោយសារជំងឺអេដស៍៕