(តូក្យូ)៖ គណបក្សកាន់អំណាចរបស់ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) ទើបតែបាត់អាសនៈនៅព្រឹទ្ធសភា ក្នុងការបោះឆ្នោតបំពេញកន្លែងទំនេរ កាលពីចុងសប្តាហ៍កន្លងទៅ ចំពេលដែលការបោះឆ្នោតសកល នឹងត្រូវរៀបចំឡើង ក្នុងពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

ការបាត់បង់អាសនៈព្រឹទ្ធសភា នៅខេត្តស៉ីហ៊្សូកា ដោយវាបានធ្លាក់ទៅក្នុងដៃបេក្ខជនឯករាជ្យ ដែលមានការគាំទ្រពីសំណាក់គណបក្សប្រឆាំង កើតមានឡើងស្របពេលគណបក្សលោក គីស៉ីដា បានធ្លាក់ចុះប្រជាប្រិយភាព ក្នុងការស្ទង់មតិសាធារណៈ មួយរយៈចុងក្រោយនេះ ជាហេតុនាំឲ្យមានការយល់ឃើញថា រយៈពេលកាន់អំណាចជានាយករដ្ឋមន្រ្តីរបស់លោក អាចនឹងត្រូវបញ្ចប់ទៅវិញ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា យ៉ាងណាមិញ ក្នុងការបោះឆ្នោតស្រដៀងគ្នា នៅខេត្តយ៉ាម៉ាហ្គូឈិ (Yamaguchi) គឺគណបក្សលោក គីស៉ីដា ទទួលបានជ័យជម្នះ។ លទ្ធផលនៃការបោះឆ្នោតពិសេសទាំងពីរនេះ ត្រូវគេមើលឃើញថា ជាសូចនាករដែលអាចបង្ហាញថាតើ គណបក្សកាន់អំណាចជប៉ុន នឹងទទួលបានសំឡេងគាំទ្រកម្រិតណា ក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕