(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសចិន និងជប៉ុនគួរតែចាត់វិធានការជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដោយក្រើនរំលឹកទីក្រុងតូក្យូមិនត្រូវដើរហួសបន្ទាត់ក្រហម ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ និងប្រវត្តិសាស្ត្រនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

លោក Wang Yi បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងពិធីបើកវេទិកាទីក្រុងប៉េកាំង-តូក្យូលើកទី ១៧ តាមរយៈប្រព័ន្ធវីដេអូពីទីក្រុងប៉េកាំង។ លោក Wang Yi បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ចិន លើបញ្ហាមួយចំនួនទៅកាន់ភាគីជប៉ុន ក្នុងនោះក៏មានបញ្ហាកោះតៃវ៉ាន់ផងដែរ។

លោក Wang Yi បានរំលឹកថា មេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងកិច្ចពិភាក្សាតាមរយៈទូរស័ព្ទកាលពីពេលថ្មីនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ដែលឆ្លើយតបទៅនឹងតម្រូវការនៃយុគសម័យថ្មី ខណៈដែលភាគីទាំងពីរកំពុងឈានទៅប្រារព្ធខួបលើកទី ៥០ នៃការធ្វើឱ្យមានប្រក្រតីភាព ទំនាក់ទំនងការទូតចិន-ជប៉ុន នៅឆ្នាំ២០២២ខាងមុខនេះ។

លោក Wang Yi បានគូសបញ្ជាក់បន្ថែម ដោយបង្ហាញនូវក្តីសង្ឃឹមថា រដ្ឋាភិបាលជប៉ុនអាចអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងនយោបាយដែលថា ចិន និងជប៉ុនជាដៃគូសហប្រតិបត្តិការ និងមិនគំរាមកំហែងគ្នាទៅវិញទៅមក ហើយអាចចាត់វិធានការជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី៕