(យូអិន)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ របបយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនអាចនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅចុងខែតុលានេះឡើយ បន្ទាប់ពីអាស៊ានបានបញ្ជាក់គោលជំហររបស់ខ្លួន ដោយមិនស្វាគមន៍លោក មីន អោង ហ្លេង ទៅចូលរួមក្នុងនាមជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ានោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

លោក ស មីន ថាន់ (Zaw Min Tun) អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា បានប្រាប់អ្នកសារព័ត៌មាននានាកាលពីថ្ងៃចន្ទថា ការមិនអនុញ្ញាតឲ្យ (លោក មីន អោង ហ្លេង) ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែតុលា នៅក្នុងប្រទេសប្រ៊ុយណេនោះ គឺបាន «បំផ្លាញគោលការណ៍អាស៊ាន» រួចទៅហើយ។

យ៉ាងណាក៏ដោយ លោក Zaw Min Tun បានបញ្ជាក់ថា អាស៊ានបានអញ្ជើញលោក ចាន់ អាយ៉េ (Chan Aye) ដែលជាអគ្គនាយក នៃនាយកដ្ឋានមួយក្នុងក្រសួងការបរទេសមីយ៉ាន់ម៉ា ដែលមិនពាក់ព័ន្ធនយោបាយ ឲ្យចូលរួមកិច្ចប្រជុំអាស៊ានទៅវិញ។ ប៉ុន្តែអ្នកនាំពាក្យយោធារូបនេះបានអះអាងថា មីយ៉ាន់់ម៉ានៅមិនទាន់ច្បាស់លាស់ឡើយថា លោក Chan Aye អាចទៅចូលរួមកិច្ចប្រជុំអាស៊ាន បានឬមួយក៏អត់នោះ។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃចន្ទដដែលនោះ ប្រេសិតពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី គ្រីស្ទីន ស្ក្រាណឺ (Christine Schraner) ដែលទើបផុតអាណត្តិបានថ្លែងថា ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា មិនអាចបញ្ឈប់អំពើហិង្សានោះឡើយ ដោយវានឹងរុញច្រានប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅរកអស្ថិរភាពកាន់តែខ្លាំង និងចុងបញ្ចប់អាចក្លាយជារដ្ឋដួលរលំ៕