(តូក្យូ)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបានបាញ់បង្ហោះផ្កាយរណបថ្មីមួយគ្រឿង ឡើងទៅកាន់ទីអវកាស ខណៈវាត្រូវបានរចនាឡើង ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធប្រាប់ទីតាំង ឬ GPS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

ផ្កាយរណបថ្មីនោះ ត្រូវបានបញ្ជូនឡើងទៅកាន់គន្លងគោចរជុំវិញផែនដី ដោយជោគជ័យ តាមរយៈគ្រាប់រ៉ុក្កែត H-2A ដែលមានប្រវែង ៥៣ម៉ែត្រ និងទម្ងន់ជិត ៣០០តោន។ ទីតាំងបាញ់បង្ហោះស្ថិតនៅមូលដ្ឋាន តាណេហ្គាស៊ីម៉ា (Tanegashima) ក្នុងខេត្ត កាហ្គោស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន ហើយវាបានប្រព្រឹត្តទៅ ក្រោយត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទម្សិលមិញ ព្រោះតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

គួរបញ្ជាក់ថា ផ្កាយរណបខាងលើ នឹងជំនួសផ្កាយរណប មីជីប៊ីគិ (Michibiki) ទី១ ដែលត្រូវបានបាញ់បង្ហោះឡើងទីអវកាស កាលពីឆ្នាំ២០១០ ហើយត្រូវដល់ពេលចូលនិវត្តន៍។ វានឹងធ្វើប្រតិបត្តិការជាមួយផ្កាយរណប Michibiki ចំនួន ៣គ្រឿងទៀត ដែលត្រូវបានបញ្ជូនឡើងទីអវកាសរួចជាស្រេច នាពេលកន្លងមក។

បណ្តាញផ្កាយរណបនេះ ត្រូវបានរដ្ឋាភិបាលជប៉ុនបង្កើតឡើង ដើម្បីជួយពង្រឹងសមត្ថភាព បណ្តាញផ្កាយរណបប្រាប់ទីតាំងជាសកល GPS របស់សហរដ្ឋអាមេរិក ដោយមានគោលដៅផ្តោតលើប្រទេសជប៉ុនផ្ទាល់៕