(ប៉េកាំង)៖ ថ្ងៃទី២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងប៉េកាំង។ ៥០ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍរបស់ប្រទេសចិន បានចារឹកក្នុងទំព័រវឌ្ឍនភាពរបស់មនុស្សជាតិ ព្រមទាំងរួមចំណែកកាន់តែច្រើនឡើងៗ ក្នុងការជំរុញការអភិវឌ្ឍដោយសន្តិភាពរបស់ពិភពលោក។

៥០ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ប្រទេសចិនបានអនុវត្តវត្ថុបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ចូលរួមដោយស៊ីជម្រៅ ជាមួយកិច្ចការរបស់អង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់ដោយមុតមាំនូវការគាំពារសន្តិភាព និងសន្តិសុខពិភពលោក ជំរុញការអភិវឌ្ឍជាសកល ជំរុញការកសាងច្បាប់អន្តរជាតិដោយឥតឈប់ឈរ គាំពារដោយពេញទំហឹងចំពោះអង្គការសហប្រជាជាតិ ច្បាប់ក្នុងការដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញ និងគាំពារសិទ្ធិមនុស្ស ជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការផ្នែកសង្គម ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ កម្រិតសុខភាពរបស់មនុស្សជាតិ ដោយឥតឈប់ឈរផងដែរ។

ប្រទេសចិនប្រកាន់ខ្ជាប់ស្មារតីរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីសំខាន់ក្នុងការគាំពារយុត្តិធម៌ និងសច្ចធម៌អន្តរជាតិ។ ប្រទេសចិនជាប្រទេសដែលបរិច្ចាគប្រាក់ច្រើនធំទី ២ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលចាត់បញ្ចូនកងកម្លាំងមួកខៀវច្រើនបំផុត ប្រទេសចិនជាកម្លាំងស្នូលក្នុងប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដ៏លេចធ្លោ ដល់ការគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ។

ពីប្រទេសដែលមានចំនួនប្រជាជនក្រីក្រច្រើនបំផុតលើពិភពលោក ទៅជាប្រទេសដែលដោះស្រាយបញ្ហាក្រីក្របំផុតទាំងអស់ ប្រទេសចិនបានអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រនៃ «របៀវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ» មុនពេលកំណត់ ១០ឆ្នាំ ដែលបានផ្តល់គំរូសម្រាប់កិច្ចការកាត់បន្ថយភាពក្រីក្រអន្តរជាតិ។ ពីប្រទេសមួយដែលទទួលបានជំនួយច្រើនបំផុត ទៅជាប្រទេសដែលរួមចំណែកធំបំផុតក្នុងការអភិវឌ្ឍជាសកល ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ពង្រឹងនិងពង្រីកសមិទ្ធផលជាផ្លែផ្កា នៃការរួមគ្នាអភិវឌ្ឍជាសកល។

ពីប្រទេសដែលខ្វះខាតធនធានវេជ្ជសាស្ត្រ ទៅជាប្រទេសដែលដើរតួនាទីគន្លឹះ ក្នុងវិបត្តិសុខាភិបាលសាធារណៈជាសកល ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញយ៉ាងខ្លាំងក្លានូវការកសាងរបាំងភាពស៊ាំពិភពលោក។ ពីការអភិវឌ្ឍន៍ដោយខ្វះបច្ចេកទេស ទៅជាការដឹកនាំយ៉ាងសកម្ម នូវការគ្រប់គ្រងអាកាសធាតុពិភពលោក ប្រទេសចិនបានអនុវត្តនូវ «អនុសញ្ញស្តីពីបម្រែបម្រួលអាកាសធតុនៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងបារីស» ជំរុញឱ្យមនុស្សនិងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា៕