(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៦ ខែតុលា លោក Liu He សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្ត្រីចិន និងជាប្រធានប្រតិភូចិនសម្រាប់ កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិន និងអាមេរិក បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកតាមការណាត់។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ប្រកបដោយភាពជាក់ស្តែង ភាពស្មោះត្រង់ និងលក្ខណៈស្ថាបនា អំពីស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យពហុភាគី និងទ្វេភាគី។

នាពេលបច្ចុប្បន្ននេះ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែមិនទាន់បញ្ចប់នៅឡើយ បានជាការងើបឡើងវិញនៃសេដ្ឋកិច្ចសកល កំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលផែ្នកគោលនយោបាយម៉ាក្រូរវាងចិន និងអាមេរិកវាមានសារសំខាន់ណាស់។ ប្រការដែលគួរតែសង្កត់ធ្ងន់នោះគឺ មានតែប្រកាន់អាកប្បកិរិយាស្មើភាព និងគោរពគ្នាទៅវិញទៅមក ទើបអាចសម្រេចបាននូវការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលដែលប្រកបអត្ថន័យ។ មានតែដោះស្រាយការយកចិត្តទុកដាក់ ដ៏សមហេតុផលរវាងគ្នាទៅវិញទៅមក តាមរយៈការពិគ្រោះពិភាក្សា ទើបអាចបង្កលក្ខខណ្ឌដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយភាពរឹងមាំ ក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។

បទពិសោធន៍ប្រវត្តិសស្ត្របានបញ្ជាក់ថា ការដែលភាគីចិន និងអាមេរិក បានធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា គឺមានអំណោយផលដល់ការកំណត់ទិសដៅត្រឹមត្រូវ នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក៕