(ប៉េកាំង)៖ មិត្តចិនមិនព្រមជាដាច់ខាតទុកកម្ពុជាឲ្យនៅឯកកោទ្បើយ បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាវិបត្តិកូវីដ១៩ រួមជាមួយបញ្ហាការអនុគ្រោះពន្ធ EBA បានដកពីកម្ពុជាក៏ដោយក្ដី ដូចការគ្រោងទុកប្រទេសទាំងពីរកម្ពុជា-ចិន បានសម្រេចចុះហត្ថលេខាជាផ្លូវការជាស្ថាពរហើយ នៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជារង់ចាំអស់រយៈពេលយ៉ាងយូរ អំទ្បុងទស្សនៈកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសចិនគឺលោក វ៉ាង យី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ។

បើមើលពីវិបត្តិសកលបណ្ដាប្រទេសនានាលើពិភពលោក បានកំពុងប្រឹងប្រែងក្នុងការស្ដារសេដ្ឋកិច្ចជាតិរបស់ខ្លួន ដើម្បីកុំធ្លាក់ចូលក្នុងបន្ទាត់ភាពក្រីក្រ នៃប្រជាជនរបស់ខ្លួនក្នុងស្ថានភាពដ៏តឹងតែងនេះ។ និយាយដោយទ្បែកអំពីប្រទេសកម្ពុជាវិញ ដោយសារមានការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជា ហ៊ុន សែន កម្ពុជាពុំអាចធ្លាក់ចូលក្នុងស្ថានភាពក្រីក្រ រឺក៏យ៉ាប់យឺនពេកដែរ ពោលរាជរដ្ឋាភិបាលប្រឹងប្រែងក្ដាប់ សភាពការណ៍ស្ថានភាពសេដ្ឋកិច្ចសកលបានយ៉ាងល្អប្រសើរ ព្រមទាំងបានដាក់ចេញគោលនយោបាយជាតិនានាជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ពលរដ្ឋដែលក្រីក្រ ដែលទទួលបានប្រាក់ឧបត្ថមជាបន្តបន្ទាប់ ការស្ដារវិស័យផ្សេងៗ តាមរយៈគោលនយោបាយអនុគ្រោះក្នុងន័យគំាទ្រ និងស្ដារមិនអោយបិទទ្វារអាជីវកម្មរបស់ទាំងអស់នោះ។

ស្ថិតក្នុងស្ថានភាពដ៏លំបាកសម័យកូវីដក៏ដោយប្រទេសកម្ពុជាចិន តែងតែដើរបញ្ច្រាសទិស ក្នុងការរក្សាទំនាក់ទំនងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងបរិបទគន្លងថ្មីសំដៅលើកស្ទួយជ្រោងសេដ្ឋកិច្ចគ្នាទៅវិញទៅមក ពោលការចុះហត្ថលេខារវាងប្រទេសទាំងពីរនេះ ជាក្ដីសង្ឃឹមបន្ថែមទៀតរបស់សេដ្ឋកិច្ចកម្ពុជា និងរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងការនាំផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិន អំទ្បុងពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងរងផលប៉ះពាល់ដោយវិបិត្តកូវីដ១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានកន្លងទៅ ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការនាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា៖ បើទោះបីជា EBA មានរឺគ្មាន ហើយគង់តែបាត់បង់នោះ តែយើងនៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលជាការពូនជ្រំសេដ្ឋកិច្ចកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជា រក្សាបានអធិបតេយ្យភាព និងភាពថ្លៃថ្នូរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលនៅជារៀងរហូត។ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីលើដីសន្តិភាព បន្ថែមពីលើពាណិជ្ជកម្មសេរីអាស៊ានចិន ដែលមានស្រាប់ក៏ត្រូវបានសាធារណមតិលើកទ្បើងស្រដៀងគ្នាថា ជាឱកាសសំរាប់ប្រទេសទាំងពីរ រុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក ឲ្យកាន់តែរឹងមាំថែមទៀត។ ការពង្រីកទីផ្សារកាន់តែធំដែលប្រទេសទាំងពីរមានស្រាប់ ព្រោះថាចិនជាទីផ្សារធំមួយនៅលើពិភពលោក ដែលប្រទេសផ្សេងៗតែងតែសម្លឹងមើល នៃការនាំចេញទៅកាន់ប្រទេសនេះដូចគ្នាដែរ។

* តើសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំយ៉ាងណាខ្លះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្រោយវិបត្តិកូវីដ១៩នោះ?

ជាការពិតណាស់ផ្លែផ្កាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% ទំនិញកម្ពុជាជាង ៣០០មុខ អាចនាំទៅចិនដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាហៅកាត់ថា «FTA» បានចូលជាធរមានរួចរាល់ហើយនោះ វាបានជំរុញលំហូរពាណិជ្ជកម្មសេវាកម្មរវាងភាគីទាំងពីរ ឆ្លើយតបការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើសេរីភាវូបនីយកម្មសេវាកម្ម ពិសេសវិស័យទូរគមនាគមន៍ សេវាហិរញ្ញវត្ថុ សេវាដឹកជញ្ជូន ពង្រឹងការប្រកួតប្រជែងជួយអ្នកផលិត និងអ្នកនាំចេញ ផ្ដល់ឪកាសដល់ធុរជនកម្ពុជាមានបំណងពង្រីកសេវាកម្ម និងទំនិញកាន់តែសម្បូរបែបទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើន ដោយអនុលោមតាមច្បាប់សារពើពន្ធកម្ពុជាពីការវិនិយោគ ការធ្វើអាជីវកម្មទំនិញនិងសេវាកម្មនៅកម្ពុជាជាដើម។ បើគិតអំពីនៅមុខទំនិញជាង ៣០០មុខនោះ គឺផលិតផលកសិកម្ម ៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅទីផ្សារប្រទេសចិន។

សូមរំលឹកជូនអំពីការដោះដូរទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ចិន មុនសម័យកាលកូវីដ ពោលក្នុងឆ្នាំ២០១៩ សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៨។ ឈរលើស្មារតីជោគវាសនារួម ស្របតាមកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ប្រទេសទាំងពីរផងដែរនោះ ប្រទេសទាំងពីរបានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឲ្យកើនទ្បើងដល់ ១០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ខាងមុខ។ សូមរំលឹកថា ភាគច្រើននៃទំនិញនាំចូលពីចិន ជាគ្រឿងចក្របំរើឲ្យតម្រូវការផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម។ ការប្ដេជ្ញាជំរុញពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ធ្វើបានកំរិតណានោះ ក៏អាស្រ័យលើស្ថានភាពវិបត្តិសកល រួមទាំងការដើរស្របតាមកំណើនសេដ្ឋកិច្ចសកលដូចគ្នាផងដែរ, ជារួមបើទោះបីស្ថិតក្នុងវិបត្តិសាកលកូវីដ១៩ក្ដី តែប្រទេសកម្ពុជាចិននៅបន្តដោះដូរពាណិជ្ជកម្ម រវាងគ្នានិងគ្នាជាធម្មតា៕

(អត្ថបទ៖ សុភ័ក្រ្ត)