(វៀងច័ន្ទ)៖ អាជ្ញាធរនៅក្នុងខេត្តមួយចំនួននៃប្រទេសឡាវ បានបញ្ជាឱ្យបន្តអនុវត្តវិធានការបិទខ្ទប់ និងវិធានការរឹតត្បឹតលើការធ្វើដំណើរយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយការកើនឡើងនៃករណីឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់់ងារសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

បើតាមការចុះផ្សាយរបស់កាសែតឡាវ «Vientiane Times» ក្នុងថ្ងៃពុធនេះ នៅក្នុងខេត្តខាំមួន (Khammuan) ភាគកណ្តាលប្រទេស វិធានការបិទខ្ទប់ត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា។ នរណាម្នាក់ដែលត្រូវការចូលមកកាន់ខេត្តនេះ ក្នុងហេតុផលចាំបាច់ ត្រូវតែទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្តជាមុនសិន។ ពួកគេក៏ត្រូវតែបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ពេញលេញ» រួចរាល់ហើយផងដែរ ក៏ដូចជាមានភ្ជាប់ជាមួយលិខិតបញ្ជាក់ថា ពួកគេបានធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បន្ទាប់ពីការធ្វើតេស្តក្នុងរយៈពេល ៧២ម៉ោង។ ប្រជាពលរដ្ឋ ខេត្ត Khammuan ដែលចង់ធ្វើដំណើរទៅក្រៅខេត្ត ក៏ត្រូវតែទទួលការអនុញ្ញាតពីអាជ្ញាធរខេត្តផងដែរ។

នៅក្នុងខេត្តបូកែវ (Bokeo) ភាគខាងជើងប្រទេសឡាវ ការធ្វើដំណើររវាងស្រុកនានា ត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា។ ទីផ្សារក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ COVID-19 ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈដែលការលក់អាហារតាមចិញ្ចើមផ្លូវ ក៏ត្រូវបានផ្អាកផងដែរ។ ការដឹកជញ្ជូនអាហារ អាចបន្តធ្វើឡើងបានជាធម្មតា ប៉ុន្តែអាហារទាំងអស់ត្រូវតែមកពីភោជនីយដ្ឋានក្នុងតំបន់ពណ៌បៃតង ហើយការទូទាត់ត្រូវតែធ្វើឡើងដោយកាតធនាគារ ដើម្បីកុំឱ្យមានការប្រើសាច់ប្រាក់។

នៅក្នុងខេត្ត បូលីខាំសាយ (Bolikhamxay) វិធានការបិទខ្ទប់ត្រូវធ្វើឡើង រហូតដល់ថ្ងៃទី ០២ ខែវិច្ឆិកា ហើយក៏មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការធ្វើដំណើរនៅតាមដងផ្លូវនានាផងដែរ ដោយត្រូវកាត់ទោសចំពោះអ្នកដែលបំពានច្បាប់។ នៅក្នុងខេត្ត វៀងច័ន្ទ វិធានការបិទខ្ទប់ក៏ត្រូវធ្វើឡើងរហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកាផងដែរ ហើយការធ្វើដំណើរក្នុងខេត្តត្រូវបានហាមឃាត់។ នរណាម្នាក់ដែលត្រូវការចូលមកកាន់ខេត្តនេះ ត្រូវចំណាយពេល ១៤ថ្ងៃក្នុងការធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍បានបន្តកើនឡើងយ៉ាងគំហុក ដោយជំងឺនេះ បានឆ្លងរីករាលដាលពាសពេញខេត្តជាច្រើនក្នុងប្រទេសឡាវ។ សម្រាប់ថ្ងៃពុធនេះ គឺជាថ្ងៃទី ២ ហើយដែលប្រទេសឡាវបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 រហូតដល់ជាង ៧០០នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៣៧,៧៥១ករណី ក្នុងនោះស្លាប់ ៥៩នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការវិញ ឡាវសម្រេចបាន ៥.៨៨លានដូស ក្នុងនោះប្រជាជន ២.៧លាននាក់ (៣៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕