(វ៉ាស៊ីនតោន)៖ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក សម្រាប់ការពង្រឹង និងគាំទ្រដល់កម្លាំងទាមទារ «ឯករាជ្យតៃវ៉ាន់» គឺគ្មានប្រយោជន៍ ហើយនឹងត្រូវបរាជ័យដូចការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើត «ចិនមួយ, តៃវ៉ាន់មួយ» ឬ «ចិនពីរ» នៅក្នុងអង្គការសហប្រជាជាតិ (UN) កាលពី ៥០ឆ្នាំមុនដូច្នោះឯង។ នេះបើតាមសេចក្តីថ្លែងការណ៍ ចេញពីស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលស៊ីនហួរដកស្រង់នៅរសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

កាលពី ៥០ឆ្នាំមុន ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីបង្កើត «ចិនមួយ, តៃវ៉ាន់មួយ» ឬ «ចិនពីរ» នៅក្នុងអង្គការសហប្រជាជាតិ បានបញ្ចប់ដោយការបរាជ័យទាំងស្រុង។ ប៉ុន្តែសព្វថ្ងៃនេះ អាមេរិកនៅតែបង្ហាញចេតនាដោយបើកចំហ និងគាំទ្រកងកម្លាំង «ឯករាជ្យតៃវ៉ាន់» និងការតតាំងចំពោះច្បាប់ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ រួមទាំងគោលការណ៍ «ចិនតែមួយ»។ កិច្ចខិតខំប្រឹងប្រែងបែបនេះគឺ «គ្មានប្រយោជន៍» ហើយនឹង «ត្រូវវិនាសដោយភាពបរាជ័យ»។ នេះបើតាមការលើកឡើង ដោយអ្នកនាំពាក្យស្ថានទូតចិន ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ នៃរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) ដែលបានលើកឡើងថា សហរដ្ឋអាមេរិក «គាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់ នៅក្នុងប្រព័ន្ធនៃអង្គការសហប្រជាជាតិ»។

ស្ថានទូតចិនបានបន្ថែមទៀតថា សហរដ្ឋអាមេរិកត្រូវតែចង្អុលបង្ហាញថា គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសចិន-សហរដ្ឋអាមេរិក។ អ្នកនាំពាក្យខាងលើនេះ បានសង្កត់ធ្ងន់ថា ភាគីចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងមិនដែលទទួលយក «ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់» និង «ការធានា៦ចំណុច» ដែលភាគីសហរដ្ឋអាមេរិក បានអនុម័តជាឯកតោភាគី ដើម្បីការពារកោះតៃវ៉ាន់នោះឡើយ។

ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងបញ្ជាក់ផងដែរថា វាមិនមានអ្វីដែលគួរឱ្យអស់សំណើចជាងនេះទៀតទេ សម្រាប់ភាគីសហរដ្ឋអាមេរិក ក្នុងការដាក់ «ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់» ផង និង «សេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី» ផង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះ។ យើងជំរុញឱ្យភាគីអាមេរិក ហ៊ានប្រឈមមុខនឹងការពិត, រក្សាការប្តេជ្ញាចិត្តរបស់ខ្លួន, ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបី ក៏ដូចជាគោរពទៅតាមដំណោះស្រាយ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លេខ ២៧៥៨។

ស្ថានទូតចិនបានជំរុញឱ្យសហដ្ឋអាមេរិក «បញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់, ឈប់ធ្វើសុន្ទរកថាដែលមិនមានភាពទទួលខុសត្រូវ និងខុសឆ្គង ហើយចាត់វិធានការយ៉ាងពិតប្រាកដ ដើម្បីលើកស្ទួយស្ថានភាពជារួម នៃទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព ព្រមទាំងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ»៕