(ប៉េកាំង)៖ ទីក្រុងជាប់ព្រំដែនមួយចំនួន នៅភាគឦសាននៃប្រទេសចិន បានចាប់ផ្តើមរឹតត្បិតកាន់តែខ្លាំង លើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 សាជាថ្មីម្ដងទៀត ដោយរឹតបន្តឹងការធ្វើដំណើរ និងកំណត់ចំនួមមនុស្សប្រមូលផ្តុំគ្នា នៅតាមទីកន្លែងសាធារណៈ ហើយបានប្រកាសនូវរបៀបប្រុងប្រយ័ត្ន និងត្រួតពិនិត្យកម្រិតខ្ពស់ ខណៈប្រទេសអាស៉ីដ៏ធំមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 នៅភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ២៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងការផ្ទុះឡើងចុងក្រោយនេះ គឺគិតចាប់ពីថ្ងៃទី១៧ ខែតុលា មក បានកើនឡើងដល់ ២៧០ករណីហើយ។ ទោះបីជា វានៅជាចំនួនតិចតួចមួយក្ដី ការឆ្លងរីករាលដាលទៅកាន់ទីក្រុងជាច្រើន បានបង្ខំឱ្យក្រុមមន្ត្រីក្នុងទីក្រុងទាំងនោះ ដាក់ចេញនូវវិធានការរឹតត្បិតសារជាថ្មីម្តងទៀត។

ខេត្តហ៊ើឡុងជាំង (Heilongjiang) នៅភាគឦសាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី នៅក្នុងទីក្រុងះហឺហ៉ី (Heihe) បានរកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីៗចំនួន ០១ករណី ដែលនាំឱ្យទីក្រុងដែលមានប្រជាជនប្រមាណ ១.៣លាននាក់នេះ ទាមទារឱ្យមានការផ្អាករាល់សកម្មភាពផលិតកម្ម និងប្រតិបត្តិការអាជីវកម្មនានា លើកលែងតែសកម្មភាពសំខាន់ៗប៉ុណ្ណោះ។ មនុស្ស និងយានជំនិះ ក៏ត្រូវបានហាមឃាត់មិនឱ្យចេញចូលទៅក្នុងទីក្រុងនោះ តាមរយៈផ្លូវសាធារណៈផងដែរ ប្រសិនបើមិនមានអ្វីចាំបាច់ ខណៈសេវាកម្មរថយន្តក្រុង និងតាក់ស៊ី ជើងហោះហើរ និងសេវាកម្មរថភ្លើងមួយចំនួន ត្រូវបានផ្អាក។

នៅក្នុងទីក្រុងជាមូស៉ី (Jiamusi) មិនទាន់រាយការណ៍ពីការរកឃើញករណីឆ្លងក្នុងសហគមន៍ នៅក្នុងការផ្ទុះឡើងចុងក្រោយនេះទេ ប៉ុន្តែបាននិយាយថា ទីក្រុងនឹងប្រកាសចេញនូវ ការប្រុងប្រយ័ត្នរយៈពេល ០១សប្តាហ៍ គឺរហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។ អាជ្ញាធរក្នុងទីក្រុង បានទាមទារឱ្យមានការកាត់បន្ថយការជួបជុំ និងបញ្ឈប់ការទៅលេងផ្ទះមនុស្សចាស់ និងមណ្ឌលសុខភាពផ្លូវចិត្ត ហើយក៏បានរារាំងភ្ញៀរទេសចរ មិនឱ្យចូលមកកាន់ទីក្រុងនេះផងដែរ។

ទីក្រុងចំនួន ០២ផ្សេងទៀត គឺទីក្រុងជីស៉ី (Jixi) និងមូដាន់ជាំង (Mudanjiang) បានសន្យាថា នឹងត្រូវដាក់ឲ្យស្ថិតក្នុងរបៀបប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ទោះបីជាមិនទាន់មានការឆ្លងរីករាលដាលក្នុងតំបន់ណាមួយ ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុនក៏ដោយ។

ចំណែក ទីក្រុងនៅតាមព្រំដែនតូចៗមួយចំនួនទៀត នៅភាគពាយព្យ និងភាគនិរតីនៃប្រទេសចិន ដែលកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការឆ្លងដែលនាំចូលពីក្រៅប្រទេស បានទទួលរងភាពរាំងស្ទះខ្លាំងជាងទីក្រុងធំៗ នៅក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីការលុបបំបាត់ការឆ្លងរីករាលដាល។

គួរបញ្ជាក់ថា បើតាមលោក ជូលៀន អ៉ីវ៉ាន់ ព្រីតឆាដ (Julian Evans-Pritchard ) សេដ្ឋវិទូជាន់ខ្ពស់របស់ប្រទេសចិននៅក្រុមហ៊ុន Capital Economics អត្រានៃការចាក់វ៉ាក់សាំងកម្រិតខ្ពស់របស់ប្រទេសចិន អាចជួយអនុញ្ញាតឱ្យចិនផ្លាស់ប្តូរ ទៅរកយុទ្ធសាស្ត្រលុបបំបាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដែលមិនសូវមានផលប៉ះពាល់ខ្លាំងបាន។ គិតត្រឹមថ្ងៃទី២៣ ខែតុលា ប្រហែល ៧៦ភាគរយនៃចំនួនប្រជាជនចិនសរុប ១.៤១ពាន់លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕