(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន «ប្រឆាំងយ៉ាងដាច់ខាត» ចំពោះរាល់ទម្រង់នៃទំនាក់ទំនង និងការដោះដូរជាផ្លូវការនានា រវាងយោធាសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលជាតំបន់របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CTGN នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

លោក វ៉ាង វិនពីន (Wang Wenbin) អ្នក នាំពាក្យ ក្រសួងការបរទេសចិន បាន ធ្វើ ការកត់សម្គាល់ ដូចខាងលើនេះ នៅពេល ឆ្លើយ តបចំពោះសំនួរនានា អំពីសេចក្តី រាយការណ៍ របស់សារព័ត៌មានអាមេរិក CNN ទាក់ទងនឹង មេដឹកនាំ កោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែល បានទទួលស្គាល់ ថា កងទ័ព អាមេរិក ពិតជាកំពុង ហ្វឹកហាត់ យោធា នៅ លើ កោះនេះមែន។

នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន CNN នៅក្នុងថ្ងៃព្រហស្បតិ៍នេះ លោកស្រីប្រធានាធិបតីតៃវ៉ាន់បានឲ្យដឹងថា តៃវ៉ាន់មានកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ ជាមួយសហរដ្ឋអាមេរិក ដោយមានគោលដៅពង្រឹងសមត្ថភាពការពារកោះនេះ។ ឆ្លើយតបនឹងសំណួរថា តើមានកងទ័ពអាមេរិកចំនួនប៉ុន្មាន កំពុងស្ថិតនៅលើកោះតៃវ៉ាន់? លោកស្រី ត្សៃ បានត្រឹមបង្ហើបថា «មិនច្រើនដូចមនុស្សគ្រប់គ្នាគិតឡើយ»

គួរបញ្ជាក់ថា ស្ថានការណ៍តានតឹងនៅតំបន់កោះតៃវ៉ាន់ ដែលតាមច្បាប់់គឺស្ថិតនៅក្នុង ដែនអធិបតេយ្យនៃប្រទេសចិននោះ បាននិងកំពុងកើនឡើងកាន់តែខ្លាំង នៅក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា នឹងជួយការពារកោះនេះ ប្រសិនបើចិនវាយប្រហារ។ ប្រទេសចិនបានប្រកាសប្រឆាំងយ៉ាងដាច់ខាត និងបានអំពាវនាវឲ្យសហរដ្ឋអាមេរិក កែប្រែនូវកំហុសឆ្គងទាំងឡាយរបស់ខ្លួន ព្រមទាំងបញ្ឈប់ចេតនាចង់ស្វែងរក «ឯករាជ្យ» ឲ្យកោះតៃវ៉ាន់ ព្រោះវានឹងទទួលបរាជ័យទាំងស្រុង»៕