(ប៉េកាំង)៖ ការអំពាវនាវនាពេលថ្មីៗនេះ ពីសំណាក់សហរដ្ឋអាមេរិក ដើម្បីឲ្យតៃវ៉ាន់អាចចូលរួមដោយស្វាហាប់ និងប្រកបដោយអត្ថន័យ ក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ (UN) ត្រូវបានមើលឃើញថា ជាការឈានជើងបំពានជាថ្មីម្តងទៀត លើខ្សែបន្ទាត់ក្រហមរបស់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ ក៏ដូចជា សេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិន-អាមេរិក ដែលជាមូលដ្ឋានគ្រឹះនយោបាយនៃចំណងទាក់ទងប្រទេសទាំងពីរ ហើយក្បត់ការសន្យាដែល ទីក្រុងវ៉ាស៉ីនបានធ្វើឡើង ព្រមទាំងស្មើនឹងទង្វើរំលោភបំពានចំពោះបទដ្ឋានអន្តរជាតិផងដែរ។

កាលពី ៥ទសវត្សរ៍មុន សម័យប្រជុំលើកទី២៦ នៃមហាសន្និបាត UN បានអនុម័តសេចក្តីសម្រេចលេខ២៧៥៨ ជាមួយសំឡេងគាំទ្រយ៉ាងច្រើនលើសលុប ហើយបានស្តារសិទ្ធិគ្រប់បែបយ៉ាងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងស្ថាប័នអន្តរជាតិមួយនេះ។ សេចក្តីសម្រេចនោះ បានដោះស្រាយបញ្ហាស្តីពីតំណាងរបស់ប្រទេសចិននៅ UN ទាំងក្នុងលក្ខខណ្ឌនយោបាយ ច្បាប់ និងនីតីវិធី រួចរាល់ទាំងអស់។

សូម្បីតែអាមេរិកផ្ទាល់ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកថា ខ្លួនទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បា់ប់តែមួយគត់ របស់ប្រទេសចិន ហើយទទួលស្គាល់គោលជំហររបស់ចិន ដែលថា ប្រទេសចិនមានតែមួយគត់ ដោយតៃវ៉ាន់គឺជាផ្នែករបស់ចិន។

គោលការណ៍ចិនតែមួយ គឺជាការយល់ស្របជាសកល និងជាបទដ្ឋានទូទៅ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់ផ្តល់អភិបាលកិច្ចចំពោះទំនាក់ទំនងអន្តរជាតិ។ មកទល់បច្ចុប្បន្ន ប្រទេសសរុបចំនួន១៨០ រួមមានទាំងសហរដ្ឋអាមេរិក បានបង្កើតចំណងការទូតជាមួយចិន ដោយគោរពតាមគោលការណ៍នេះ។

ទោះជាយ៉ាងណា សព្វថ្ងៃអ្នកនយោបាយមួយចំនួន នៅទីក្រុងវ៉ាស៉ីនតោននៅតែជ្រើសរើស មិនអើពើចំពោះប្រវត្តិសាស្រ្ត ការពិត ព្រមទាំងច្បាប់អន្តរជាតិ ហើយព្យាយាមប្រឆាំងនឹងអំណាចរបស់អង្គការសហប្រជាជាតិថែមទៀត។ បញ្ហាតៃវ៉ាន់ គឺពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ចិន។ ដូច្នេះទីក្រុងប៉េកាំងគ្មានថ្ងៃទទួលយកការសម្របសម្រួល លើបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងផលប្រយោជន៍ជាតិស្នូល របស់ខ្លួនដាច់ខាត។

គួរបញ្ជាក់ថា នរណាដែលលលេងជាមួយភ្លើង នោះច្បាស់ជារលាកខ្លួនឯងមិនខាន។ ដូច្នេះសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើអត្ថាធិប្បាយ ក៏ដូចជាសកម្មភាពខុសឆ្គង និងគ្រោះថ្នាក់របស់ខ្លួន។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៉ីនតោន គួរអនុវត្តឲ្យពេញលេញនូវការប្តេជ្ញារបស់ខ្លួន និងគោរពតាមសេចក្តីសម្រេចរបស់ UN ហើយចាត់សកម្មភាពជាក់ស្តែង ដើម្បីស្តារស្ថិរភាព ទំនាក់ទំនងចិន-អាមេរិក និងទំនាក់ទំនងនៅតំបន់ច្រកសមុទ្ររវាងចិននិងតៃវ៉ាន់ផងដែរ៕