(ម៉ូស្គូ)៖ ក្រុមហ៊ុនឱសថអាមេរិក Pfizer ត្រូវបានគេរាយការណ៍ថាទទួលបានការអនុញ្ញាឱ្យដឹកនាំការធ្វើតេស្ដសាកល្បងលើថ្នាំគ្រាប់ព្យាបាល COVID-19 នៅក្នុងប្រទេសររុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើលិខិតចុះបញ្ជីអនុញ្ញាតផ្នែកវេជ្ជសាស្ត្រមួយដែលខ្លួនទទួលបាន។ Reuters បានឱ្យដឹងទៀតថា ក្រុមហ៊ុន Pfizer នឹងដឹកនាំការធ្វើតេស្ដថ្នាំគ្រាប់ខាងលើលើអ្នកស្ម័គ្រចិត្តចំនួន៩០នាក់ ដែលបានឆ្លង ឬមានរោគសញ្ញា COVID-19 រាប់ពី ថ្ងៃទី១២ ខែវិច្ឆិកានេះមក ហើយការធ្វើតេស្ដនឹងបន្តធ្វើឡើងរហូតដល់ខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថអាមេរិក Pfizer កាលពីដើមខែវិច្ឆិកានេះ ធ្លាប់បានអះអាងថាថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួនដែលមានឈ្មោះសម្គាល់ថា «Paxlovid» មានប្រសិទ្ធភាពកាត់បន្ថយ «អត្រា ឬក៏ឱកាសចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឬស្លាប់» បានរហូតដល់ទៅ ៨៩ភាគរយ សម្រាប់មនុស្ស ពេញវ័យដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ក្រុមហ៊ុននេះក៏សង្ឃឹមដែរថាថ្នាំ Paxlovid នេះអាចនឹងដាក់លក់នៅលើទីផ្សារសកលក្នុងពេលឆាប់ៗនេះ តាមដែលអាច ធ្វើទៅបាន៕