(អាត្លង់តា, ចចចៀ)៖ ៣ឆ្នាំបន្ទាប់ពីបរាជ័យក្នុងការសម្រេចបាននូវសមិទ្ធផលដែលខ្លួនចង់បាន នៅក្រោមទំនាក់ទំនងផ្អែមល្ហែមជាមួយអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ, នៅពេលនេះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍ជាថ្មីពីសហរដ្ឋអាមេរិក តាមរយៈការធ្វើតេស្ដមីស៊ីលឡើងវិញជាបន្តបន្ទាប់ និងលើកឡើងពីចេតនាត្រឡប់ទៅរកតុចរចាជាមួយកូរ៉េខាងត្បូង។

ប៉ុន្តែ ប្រសិនបើលោក គីម ជុងអ៊ុន យល់ថាការធ្វើបែបនេះនឹងទទួលបានប្រតិកម្មជាវិជ្ជមានពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន វាហាក់ដូចជាការដេក យល់សុប្តិទាំងកណ្ដាលថ្ងៃ។ ដ្បិតខណៈចិន និងការកសាងទំនុកចិត្តពីសម្ព័ន្ធមិត្តឡើងវិញ គឺជាអាទិភាពកំពូលរបស់លោក បៃដិន កូរ៉េខាងជើងនឹងមិនទទួល បានសម្បទានណាមួយដោយងាយស្រួល ដូចនៅជំនាន់របស់លោក ដូណាល់ ត្រាំ នោះទេ។

*ដកទណ្ឌកម្ម ជាថ្នូររំសាយអាវុធនុយក្លេអ៊ែរ?

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន បានលើកឡើងនូវសំណើដើម្បីជួបចរចាស្វែងរកសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ជាមួយកូរ៉េខាងជើង ជាការត្រួសត្រាយផ្លូវ ឆ្ពោះទៅរកកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង។ អ្នកគាំទ្រលោក មូន ក្នុងគណបក្សប្រជាធិបតេយ្យកូរ៉េ ក៏បានអំពាវនាវឱ្យផ្អាកការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងផ្ដល់សម្បទានខ្លះបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង ត្រឡប់មករកតុចរចាវិញដែរ។

ប៉ុន្តែ ពួកគេហាក់ដូចជាបានបំភ្លេចការលើកឡើងរបស់លោក គីម ជុងអ៊ុន នៅក្នុងសមាជបក្សពលករកូរ៉េលើកទី៨ របស់កូរ៉េខាងជើងកាលពីខែមករា ដើម ឆ្នាំ២០២១នេះ ជាពេលដែលលោក គីម បានបញ្ជាក់ច្បាស់ៗថាប្រទេសរបស់លោកត្រូវតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រដទៃទៀត ឱ្យកាន់តែខ្លាំងក្លា ដែលអាចយកទៅប្រើនៅក្នុងសង្រ្គាមសម័យទំនើប។ លោក គីមក៏បានទទួលស្គាល់ផងដែរថាកូរ៉េខាងជើងចាំបាច់ណាស់ត្រូវតែពឹងផ្អែក លើខ្លួនឯងក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ។

*អាទិភាពចំពោះតំបន់អាស៊ីរបស់លោក បៃដិន ខុសគ្នាពីលោក ត្រាំ

នៅក្នុងសុន្ទរកថានៅឯសភាអាមេរិកកាលពីខែមេសាកន្លងទៅ, លោក ចូ បៃដិន បានបញ្ជាក់ថាលោក គីម ជុងអ៊ុន មិនគួររំពឹងថានឹងទទួលបានសម្បទាន ងាយៗពីសហរដ្ឋអាមេរិក ដូចដែលលោក ដូណាល់ ត្រាំ ធ្លាប់ផ្ដល់ឱ្យ ក្នុងនោះរួមមានទាំងជំនួបកំពូលក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ នោះឡើយ។

នយោបាយជាអាទិភាពរបស់លោក ចូ បៃដិន ចំពោះតំបន់អាស៊ីត្រូវបានគេមើលឃើញថាជាបញ្ហាមួយដ៏ធំសម្រាប់លោក គីម ជុងអ៊ុន។ កាលពីដើមខែតុលា កន្លងទៅនេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បានប្រកាសពីការបង្កើតអង្គភាពថ្មីមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលបេសកកម្មចិន (China Mission Center) ហើយបានប្រកាសថាបេសកកម្មកូរ៉េខាងជើងរបស់ CIA នឹងត្រូវបិទទ្វារ។ បើតាមមន្ត្រីម្នាក់មកពី ក្រសួងការបរទេសអាមេរិក, CIA នឹងបន្តធ្វើការប្រឹក្សាយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀតរបស់ អាមេរិក ក្នុងការដោះស្រាយបញ្ហាជាកង្វល់រួមទាំងឡាយ ជាពិសេសគឺសំណុំរឿងកូរ៉េខាងជើងតែម្ដង។

ការផ្លាស់ប្ដូរបែបនេះ, ក៏បានកើតឡើងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាទីដែលក្រុមអ្នកនយោបាយអភិរក្សនិយមកាន់តែច្រើនឡើងបានអំពាវនាវឱ្យមាន ការដាក់សម្ពាធដ៏ខ្លាំងមួយលើកូរ៉េខាងជើង ហើយស្ដារឡើងវិញនូវទំនាក់ទំនងជាមួយជប៉ុន ខណៈលោក មូន ចែអ៉ីន នឹងត្រូវផុតអាណត្តិជាប្រធានាធិបតី កូរ៉េខាងត្បូង នៅឆ្នាំក្រោយនេះ។ នៅក្រោមការដឹកនាំរបស់លោក បៃដិន, សូម្បីតែជប៉ុនក៏កាន់តែមានជំហរតឹងរ៉ឹងចំពោះកូរ៉េខាងជើងដែរ ដោយនៅក្នុង ជំនួបតាមទូរស័ព្ទជាមួយលោក បៃដិន កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Fumio Kishida បានសង្កត់ធ្ងន់ថាក្នុងបរិបទដែលការគំរាមកំហែង ពីកូរ៉េខាងជើងកាន់តែធ្ងន់ធ្ងរឡើង ជប៉ុនចាំបាច់ត្រូវតែមានប្រព័ន្ធមីស៊ីល និងកងទ័ពជើងទឹកដ៏ខ្លាំងក្លា។

*ចិនជាក្ដីសង្ឃឹមតែមួយគត់សម្រាប់លោក គីម ជុងអ៊ុន?

ជាការពិតណាស់, ចិនគឺជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់ជំនួយសេដ្ឋកិច្ចមិនអាចខ្វះបានសម្រាប់កូរ៉េខាងជើង។ ដូច្នេះហើយ ប្រឈមមុខនឹងសហរដ្ឋអាមេរិក,លោក គីម ជុងអ៊ុន ត្រូវការការគាំទ្រពីចិនជាដាច់ខាត។

ប៉ុន្តែ ស្របពេលលោក បៃដិន កំពុងផ្ដោតជាសំខាន់លើការខ្ទប់ឥទ្ធិពលចិន និងការបង្កើនសកម្មភាពនៅក្នុងតំបន់អាស៊ី, ចិនមិនចង់ឃើញកូរ៉េខាងជើង បង្ករឿងធំដុំអ្វីនោះទេ ដ្បិតវានឹងផ្ដល់លេសឱ្យអាមេរិកដាក់សម្ពាធលើចិនបន្ថែម។ ម្យ៉ាងវិញទៀត, ខណៈអាមេរិកកំពុងបង្កើនសកម្មភាពនៅក្នុងតំបន់អាស៊ី ដែលគេអាចមើលឃើញតាមរយៈការបង្កើតសម្ព័ន្ធភាពត្រីភាគី AUKUS រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កូរ៉េខាងជើងអាចនឹងកាន់តែ ប្រុងប្រយ័ត្នជាងមុនក៏ថាបាន ដោយនឹងមិនធ្វើសកម្មភាពណាមួយដោយគ្មានហេតុផលនោះទេ។ ព្រោះថាកូរ៉េខាងជើងដឹងយ៉ាងច្បាស់ថាការបង្កើត AUKUS មិនមែនត្រឹមតែមានគោលដៅខ្ទប់ឥទ្ធិពលចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងផ្លាស់ប្ដូរតុល្យភាពកម្លាំងនៅជុំវិញឧបទ្វីបកូរ៉េផងដែរ៕

ប្រភព៖ Project Syndicate (ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១)