(បាងកក)៖ សភាជាតិប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្ដីព្រាងច្បាប់ថ្មីមួយដែលមានគោលដៅកាត់បន្ថយអំណាច និងតួនាទីរបស់យោធាថៃ នៅក្នុងឆាកនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការច្រានចោលខាងលើ ធ្វើឡើងនៅក្នុងសម័យប្រជុំរួមមួយរបស់សភាជាន់ទាប និងព្រឹទ្ធសភាថៃ ដែលបានបោះឆ្នោតជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះក្នុងសំឡេងជំទាស់ ៤៧៣ ទល់នឹង ២០៦សំឡេងគាំទ្រ និងអនុប្បវាទ ៦សំឡេង។ សេចក្ដីព្រាងច្បាប់នេះ គឺមានគោលដៅកាត់បន្ថយអំណាច និងតួនាទីរបស់ យោធាថៃ នៅក្នុងឆាកនយោបាយ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅក្រោមការដឹកនាំនៃរបបយោធាកាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ថ្មីខាងលើដែលទទួលបានការគំាទ្រពីអ្នកដាក់ញ្ញតិចំនួន ១៣០,០០០នាក់ ក៏មានបំណងលុបចោលអាសនៈសមាជិកព្រឹទ្ធសភា តែងតាំងដោយយោធាថៃ ចំនួន ២៥០រូបផងដែរ។ ប្រទេសថៃធ្លាប់បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន ២០លើក និងរដ្ឋប្រហារ ១៣លើករួចមកហើយ គិតចាប់តាំងពីឆ្នាំ១៩៣២មក៕