(ហូជីមិញ)- ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ១៩ របស់វៀតណាម កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា អ្នកដែលទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូម្បីតែមួយដូស ឬបានជាសះស្បើយពីជំងឺត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះគឺជាផ្នែកមួយនៃវិធានការបណ្តោះអាសន្នដែលត្រូវបានកែសម្រួលសម្រាប់ការគ្រប់គ្រងប្រកបដោយភាពបត់បែន សុវត្ថិភាព និងមានប្រសិទ្ធភាពចំពោះជំងឺកូវីដ១៩ ដែលចេញដោយរដ្ឋបាលទីក្រុងហូជីមិញ។

កុមារដែលមិនទាន់ដល់អាយុដែលមានសិទ្ធិទទួលការចាក់ថ្នាំបង្ការក៏អាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមបានដែរ ប៉ុន្តែពួកគេត្រូវតែអមដោយមនុស្សពេញវ័យដែលបានទទួលចាក់វ៉ាក់សាំងរួចរាល់។

សកម្មភាពទាំងនេះរួមមានការចូលរួមក្នុងការជួបជុំធំៗ ដូចជាពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ និងកីឡា ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ធ្វើការនៅកន្លែងសាធារណៈ និងការចូលរៀនក្នុងថ្នាក់ជាដើម។

គួរបញ្ជាក់ថា ទីក្រុងហូជីមិញនៅតែជាចំណុចក្តៅនៃការរាតត្បាតរាតត្បាតធំបំផុតរបស់ប្រទេសវៀតណាម ជាមួយនឹងការរកឃើញករណីថ្មីៗប្រចាំថ្ងៃជា១,០០០ករណី។ រហូតមកដល់ពេលនេះ វាបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ ជាង៤៤៦,០០០ករណី នៅក្នុងរលកនៃការឆ្លងចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅចុងខែមេសា នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុង៕