(ឡុងដ៍)៖ យន្ដហោះចម្បាំង F-35B មួយគ្រឿងដែលធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះចម្បាំង HMS Queen Elizabeth របស់ចក្រភពអង់គ្លេស បានធ្លាក់ចូលសមុទ្រមេឌីទែរ៉ាណេ នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈពីឡុតបានលោតចេញពីដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ហេតុការណ៍ធ្លាក់យន្ដហោះចម្បាំងដ៏ទំនើបបំផុតមួយក្នុងពិភពលោកខាងលើ កើតមានឡើងកំឡុងប្រតិបត្តិការជាទម្លាប់ធម្មតាមួយរបស់ចក្រភពអង់គ្លេស នៅ លើដែនទឹកអន្តរជាតិ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះចម្បាំងស៊េរី F-35B នេះធ្លាក់នៅឡើយទេ។

គួរបញ្ជាក់ថា HMS Queen Elizabeth គឺជានាវាផ្ទុកយន្ដហោះចម្បាំងដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសដែលមានសមត្ថភាពផ្ទុកយន្ដហោះចម្បាំង ៤០គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះ F-35B ដែលអង់គ្លេសមានសរុបចំនួន ២៤គ្រឿង៕