(បេឡារុស)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល បានឯកភាពនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទក្នុងសប្ដាហ៍នេះថាវិបត្តិជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែនបេឡារុស និងប៉ូឡូញ គួរតែត្រូវបានលើកយក មកពិភាក្សារវាងទីក្រុងមីនស្កិ៍ និងសហភាពអឺរ៉ុប។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបេឡារុស ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

មកទល់បច្ចុប្បន្ន, ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ានៅតែបន្តជាប់គាំនៅតំបន់ព្រំដែនរវាងបេឡារុស និងប៉ូឡូញដោយបង្កឱ្យ មានការព្រួយបារម្ភពីការផ្ទុះជម្លោះប្រដាប់អាវុធ ខណៈជនអន្តោប្រវេសន៍កំពុងប្រឈមមុខនឹងគ្រោះថ្នាក់នារដូវត្រជាក់។ ក្រុមមន្ត្រីសហភាពអឺរ៉ុបបានចោទប្រកាន់ថា បេឡារុសជាអ្នកបង្កឱ្យមានវិបត្តិជនអន្តោប្រវេសន៍នេះជាការសងសឹកទៅនឹងទណ្ឌកម្មរបស់ប្លុកអឺរ៉ុបមួយនេះ ហើយបានអំពាវនាវឱ្យរុស្ស៊ីដែលខ្នងបង្អែកដ៏ធំរបស់ បេឡារុស ដាក់សម្ពាធលើលោក Lukashenko ឱ្យបិទបញ្ចប់វិបត្តិនេះ។

ប៉ុន្តែ ខាងបេឡារុស និងរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ ស្របពេលសហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមលើបេឡារុស។ ដោយឡែក ជុំវិញការ អះអាងខាងលើរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់បេឡារុស សហភាពអឺរ៉ុប និងអាល្លឺម៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ៕