(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 បំបែកកំណត់ត្រា ថ្មីមួយចំនួន ៣,២៩២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈករណីអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំង នៅចំពោះមុខ ការបន្ធូរបន្ថយវិធានការរឹតត្បិត ក្រោមផែនការរៀនរស់នៅជាមួយជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KDCA ការកើនឡើងនូវករណីអ្នកជំងឺ COVID-19 ធ្លាក់ខ្លួនឈឺធ្ងន់ គឺដោយសារតែការថយចុះនៃ ប្រសិទ្ធភាពវ៉ាក់សាំង ដែលត្រូវបានចាក់ជូនដល់ក្រុមមនុស្សដែលងាយរងគ្រោះ ជាពិសេសគឺក្រុមមនុស្សចាស់តែម្ដង។ KDCA បន្ថែមទៀតថានៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង បានរាយការណ៍ពីករណីអ្នកឈឺធ្ងន់ចំនួន ៥០៦ករណី ដែលតួលេខនេះមានការថយចុះ បើធៀបទៅនឹងកាលពីថ្ងៃពុធម្សិលមិញ មាន៥២២ករណី។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លង COVID-19, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KDCA កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសពីផែនការកាត់បន្ថយចន្លោះពេល នៃការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ពី៦ខែ មកនៅត្រឹម ៤ខែវិញ សម្រាប់មនុស្សមានវ័យចំណាស់ និងជនងាយរងគ្រោះ។ កូរ៉េខាងត្បូង បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៤០៦,០៦៥នាក់ ក្នុងនោះស្លាប់ ៣,១៨៧នាក់ និងជាសះស្បើយឡើងវិញ ៣៦៧,៥៧៨នាក់៕