(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៤,៧០២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤១៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,២៨៧,៩២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៨៧,៩៨៤នាក់ និងជាសះស្បើយឡើងសរុប ៣៨.២៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សេតវិមានកាលពីសប្ដាហ៍មុននេះបានប្រកាសថា តម្រូវការចាក់វ៉ាក់សាំងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងជំរុញឱ្យជនជាតិអាមេរិកកាន់តែច្រើនឡើងៗ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែមពីលើការអនុម័ត ឲ្យចាក់វ៉ាក់សាំងដល់កុមារ និងការចាក់ដូសជំរុញថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៤២លានដូស ក្នុងនោះប្រជាជន ២២៧.១៣លាននាក់ (៦៨.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩៣.៨លាននាក់ (៥៨.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕