(ឌូបៃ)៖ ក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអ៉ីស្រាអ៊ែល នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង យុទ្ធសាស្ត្រមួយ នៅក្នុងទីក្រុងឌូបៃ ដើម្បីរួមគ្នាផលិតនាវាដ្រូន (នាវាគ្មានមនុស្សបើក) ដែលមានសមត្ថភាពបំពាក់អាវុធប្រឆាំងនាវាមុជទឹក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រខាងលើធ្វើឡើងដោយក្រុមហ៊ុនផលិតអាវុធអេមីរ៉ាតអារ៉ាប់រួម EDGE និងក្រុមហ៊ុនអ៉ីស្រាអែល IAI នៅថ្ងៃចុងក្រោយ នៃពិព័រណ៍អាវុធក្នុងទីក្រុងឌូបៃ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន ក្រុមហ៊ុននៃប្រទេសទាំង២ បានឱ្យដឹងថានាវាដ្រូនខាងលើនឹងមានបំពាក់បច្ចេកវិទ្យាដែល អាចប្រើប្រាស់បានទាំងក្នុងវិស័យយោធា និងពាណិជ្ជកម្ម។

ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះដដែល មិនបានបញ្ជាក់ថាតើគម្រោងផលិតនាវាដ្រូននេះត្រូវចំណាយអស់ប្រាក់ប៉ុន្មាន ឬក៏ថាតើនៅពេលទើបចាប់ផ្ដើមផលិតនោះទេ៕