(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបើកការិយាល័យតំណាងមួយនៅក្នុងប្រទេសលីទុយអានី ដែលនេះជាការបោះជំហានថ្មីមួយទៅរកការភ្ជាប់ ទំនាក់ទំនងទៅកាន់ពិភពខាងក្រៅ បើទោះជាមានការព្រមាន និងការជំទាស់ដាច់អហង្ការពីចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់បានសង្កត់ធ្ងន់ដូច្នេះថា «ការបើកការិយាល័យតំណាងនេះនឹងក្លាយជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនង រវាងតៃវ៉ាន់ និងលីទុយអានី ហើយទីក្រុងតៃប៉ិ នឹងជ្រោមជ្រែងទំនាក់ទំនងមិត្តភាពថ្មីនេះ ឈរលើគោលការណ៍នៃការចែករំលែកតម្លៃរបស់យើង»

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ ចិនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសលីទុយអានីត្រឡប់មកប្រទេសវិញ បន្ទាប់ពីតៃវ៉ាន់ប្រកាសថានឹងបើក ការិយាល័យតំណាងតៃវ៉ាន់នៅក្នុងរដ្ឋធានី វីលនីញូស (Vilnius)។ ជាការឆ្លើយតប លីទុយអានីក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងប៉េកាំង ត្រឡប់មក ស្រុកវិញផងដែរ៕