(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់បំផុត ខណៈដែលប្រទេសនេះបានដាក់ចេញនូវគោលការណ៍ណែនាំ «រៀនរស់នៅជាមួយជំងឺកូវីដ១៩ កាលពីដើមខែនេះ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA)បានឲ្យដឹងថា ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣,២៩២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសដល់ ៤០៦,០៦៥ករណី។

តួលេខនេះវាបានបំបែកកត់ត្រាថ្មីប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ប្រទេសនេះ ចាប់តាំងពីរកឃើញករណីដំបូងកាលពីថ្ងៃទី២០ ខែមករាឆ្នាំមុន។ ចំនួនប្រចាំថ្ងៃបានបន្តលើសពី៣,០០០ករណីសម្រាប់រយៈពេលពីរថ្ងៃជាប់គ្នា។

គួរបញ្ជាក់ថា ចំនួនកំណត់ត្រាថ្មីនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលបានអនុម័តច្បាប់ «រស់នៅជាមួយកូវីដ១៩» ដោយវិធាការរឹតបន្តឹងលើកន្លែងជាច្រើនដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងការជួបជុំឯកជនត្រូវបានបន្ធូរបន្ថយ៕