(ញូដេលី)៖ ស្ថានភាពខ្យល់ពុលនៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា បានឈានចូលដល់កម្រិតអាក្រក់បំផុត អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ខណៈអាជ្ញាធរទីក្រុងដែលមានប្រជាជនរស់នៅជាង ២០លាននាក់មួយនេះ កំពុងពិចារណាដាក់ចេញវិធានការថ្មី នោះគឺការហាមយានជំនិះឯកជន ជាពិសេសគឺរថយន្ត មិនឲ្យធ្វើចរាចរណ៍តាមដងផ្លូវជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីដើមសប្តាហ៍នេះ អាជ្ញាធរទីក្រុងញូដេលីបានអនុវត្តវិធានការ បិទសាលារៀន, ផ្អាកការដ្ឋានសំណង់ និងការដុតសំរាមជាបណ្តោះអាសន្នរួចទៅហើយ តបតាមបទបញ្ជារបស់តុលារកំពូល ខណៈពលរដ្ឋរស់នៅទីក្រុងនេះ ត្រូវបានបង្គាប់ឲ្យធ្វើការងារពីផ្ទះ។ បន្ថែមពីនេះការបាញ់ទឹកនៅតាមដងផ្លូវ ដើម្បីគ្រប់គ្រងធូលីក្នុងទីក្រុង ក៏ត្រូវបានធ្វើរួចមកហើយ។

ជុំវិញបញ្ហាខាងលើនេះ លោក ហ្គោប៉ាល់ រ៉ៃ (Gopal Rai) ប្រធានមន្ទីរបរិស្ថានប្រចាំរដ្ឋធានីញូដេលី បានឲ្យដឹងថា «ប្រសិនបើខ្យល់ពុល នៅតែមានកម្រិតខ្ពស់ដដែលនោះ យើងនឹងចាត់វិធានការថ្មី ដោយការទប់ស្កាត់យានជំនិះផ្ទាល់ខ្លួន មិនឲ្យធ្វើចរាចរណ៍ទៅតាមពេលវេលាកំណត់»។ អាជ្ញាធរញូដេលី ក៏មានចេតនាក្នុងការបិទខ្ទប់ទីក្រុងទាំងស្រុងផងដែរ ប៉ុន្តែវានឹងមិនមានប្រសិទ្ធភាពនោះឡើយ ប្រសិនបើតំបន់ក្បែរខាងមិនចូលរួមសហការ៕