(អូតតាវ៉ា)៖ ព្យុះភ្លៀង និងទឹកជំនន់បានវាយប្រហារទីក្រុង អាប់បុតស៍ហ្វដ (Abbotsford) នៃខេត្ត ប៊្រីតធីស ខូឡុំបៀរ (British Columbia) របស់កាណាដាយ៉ាងដំណំតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតំបន់ភាគខាងលិច នៃប្រទេសអាមេរិកខាងជើងមួយនេះ បានប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្យុះភ្លៀង និងទឹកជំនន់បានវាយប្រហារយ៉ាងដំណំ នៅតំបន់ភាគខាងលិចកាណាដា ខាងលើនេះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ហើយស្ត្រីម្នាក់បានបាត់បង់ជីវិតដោយសារលង់ទឹក ខណៈលំនៅឋាន អគារពាណិជ្ជកម្ម ផ្លូវថ្នល់ មន្ទីរពេទ្យ កសិដ្ឋានចិញ្ចឹមសត្វ និងចំការដំណាំនានា ត្រូវបានលិចលង់់ក្នុងទឹកជំនន់។ អាជ្ញាធរក្នុងខេត្ត British Columbia បាននិងកំពុងព្យាយាមស្រោចស្រង់ស្ថានការណ៍ និងជម្លៀសពលរដ្ឋដែលងាយរងគ្រោះ ទៅកាន់ទីជម្រកបណ្តោះអាសន្ន ព្រមទាំងស្តារផ្លូវសំខាន់ៗ ឲ្យអាចធ្វើចរាចរណ៍ឡើងវិញ។

គួរបញ្ជាក់ថា សត្វពាហនៈរាប់ពាន់ក្បាល ក៏បានងាប់ផងដែរនៅពេលទឹកជន់លិចកសិដ្ឋាន ហើយរាប់ពាន់ក្បាលទៀត នឹងប្រឈមមុខការខ្វះខាតចំណី ខណៈទឹកជំនន់ត្រូវបានអាជ្ញាធរខេត្ត British Columbia អះអាងថា នឹងបន្តអូសបន្លាយរយៈពេលពីរទៅបីថ្ងៃទៀត គិតចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកានេះតទៅ (ពេលវេលានៅភាគខាងលិចកាណាដា)។ ទីក្រុង Abbotsford បាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ព្រោះតែស្ថិតនៅក្នុងតំបន់ប្រជុំភ្នំ៕