(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៩,១៤៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៤៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,៣៩៨,៤៥៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៨៩,១៥៥នាក់ និងជាសះស្បើយឡើងសរុប ៣៨.៣៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមគ្រូពេទ្យកុមារនៅទូទាំងសហរដ្ឋអាមេរិក បានជំរុញឲ្យឪពុកម្តាយទាំងអស់ នាំក្មេងៗដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រញាប់ប្រញាល់នាំកូនៗ ទៅទទួលការចាក់ជាបន្ទាន់ ខណៈកាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានរាយការណ៍ អំពីករណីឆ្លងប្រចាំថ្ងៃរហូតដល់ទៅជាង ១០០,០០០ករណី និងជំងឺជាង ១,៤០០នាក់ទៀតស្លាប់ ដែលត្រូវបានចាត់ទុកថា ជាតួលេខឆ្លង និងស្លាប់ខ្ពស់បំផុត មិនធ្លាប់មានច្រើនខែមកហើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៤៥លានដូស ក្នុងនោះប្រជាជន ២២៨.១៧លាននាក់ (៦៩.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩៤.១៣លាននាក់ (៥៨.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕