(ម៉ានីល)៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN កាលពីពេលថ្មីៗនេះ អតីតអ្នកប្រដាល់អន្តរជាតិដ៏ល្បីល្បាញ លោក ម៉ាន់នី ប៉ាកគីអៅ (Manny Pacquiao) បានសន្យាថា លោកនឹងបើកការស៊ើបអង្កេតពាក់ព័ន្ធរឿងពុករលួយ ប្រឆាំងអតីតដៃគូនយោបាយរបស់លោកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលរបស់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បច្ចុប្បន្ន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក Pacquiao បានលើកឡើងអំពីផែនការរបស់លោក ក្នុងការស៊ើបអង្កេតសមាជិកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលលោក Duterte ដែលនឹងត្រូវផុតអាណត្តិ ក្រោយការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ ខាងមុខនេះ។ លោក Pacquiao បានថ្លែងយ៉ាងដូច្នេះ ថា «មន្ត្រី ពុករលួយ ទាំង អស់ នោះ គួរ តែ ត្រូវចាប់ ដាក់ គុក។ វានឹងក្លាយជាមធ្យោបាយតែមួយគត់ ដែលយើងអាចមើលឃើញ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង ព្រោះពួកគេជាជំងឺមហារីករបស់ប្រទេសនេះ ដែលជាឧបសគ្គដល់ការអភិវឌ្ឍ»

គូប្រជែងម្នាក់របស់លោក Pacquiao ដែលកំពុងមានប្រជាប្រិយភាពផងដែរ គឺលោក ហ្វ៊ែរឌីណេន បងបង ម៉ាកូស ជូនៀ (Ferdinand “Bongbong” Marcos Jr.) វ័យ ៦៤ឆ្នាំ ត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក ហ្វ៊ែរឌីណេន ម៉ាកូស ដែលត្រូវបានគេចោទប្រកាន់ថា បានកឹបកេងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជាតិ អំលុងការកាន់អំណាចរយៈពេលពីរទសវត្សរ៍កន្លះ ជាពេលដែលមនុស្សរាប់ពាន់នាក់ ត្រូវបានចាប់ដាក់គុក និងធ្វើទារុណកម្ម។

អ្នក ជំនាញ ខ្លះបានគណនាថា ក្រុមគ្រួសារ Marcos បានប្រមែប្រមូលទ្រព្យ សម្បត្តិ ច្រើន ជាង ១០ពាន់ លាន ដុល្លារ អាមេរិក ក្នុងអំឡុង ពេល ដែលខ្លួនកាន់ អំណាច ផ្តាច់ការ។ យ៉ាងណាក៏ដោយលោក ម៉ាកូស ជូនៀ បានលើកឡើង ថា ការ ចោទ ប្រកាន់ ជាច្រើន មក លើ គ្រួសារ របស់ លោក គឺជាការ «បង្កាច់ បង្ខូច» តែប៉ុណ្ណោះ។

សម្រាប់របៀបវារៈនយោបាយរបស់ Pacquiao រួមមានការព្យាយាមយកមកវិញនូវ «ទ្រព្យសម្បត្តិដែលត្រូវបានលួច» មួយចំនួនពីក្រុមគ្រួសារ Marcos ដែលធ្លាប់ត្រូវបាននិរទេសអស់រយៈពេលជាង ៥ឆ្នាំបន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៨៦។ លោក Pacquiao បានសង្កត់ធ្ងន់ជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ខ្ញុំមិនខ្លាចទេ។ នេះ ជា ការ តស៊ូ របស់ ខ្ញុំ ដើម្បី ផ្តល់ ការ អភិវឌ្ឍ ដល់ ប្រទេស ជាតិរបស់ យើង ដោយត្រូវចាប់ អ្នក ដែល លួច ទ្រព្យសម្បត្តិ ជាតិហ្វីលីពីន ដាក់គុកជា បន្តបន្ទាប់។ ខ្ញុំ ចង់ ឲ្យ ពួកគេ ជាប់ គុក»។

គួរបញ្ជាក់ថា លោក Manny Pacquiao ត្រូវបានគេមើលឃើញថា មានលទ្ធភាពខ្ពស់ក្នុងការបន្តតំណែង ជាប្រធានាធិបតីហ្វីលីពីន ពីលោក Duterte នៅក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ទោះបីជាលោក Duterte មានប្រជាប្រិយភាពយ៉ាងណា តែលោកអាចកាន់អំណាចបានតែ ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល ៦ឆ្នាំ ដោយសារតែការកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញហ្វីលីពីនថា ប្រធានាធិបតីមួយរូប អាចកាន់អំណាចបានតែមួយអាណត្តិប៉ុណ្ណោះ៕