(ម៉ានីល)៖ ឆាប់ៗខាងមុខ រដ្ឋាភិបាលហ្វីលីពីននឹងអនុញ្ញាតឲ្យ ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ពេញលេញ» មកពីបណ្តាប្រទេសដែលមាន «ហានិភ័យទាប» ចំនួនជាង ៤០ ក្នុងនោះរួមមានទាំងចិនផងដែរ ចូលមកកាន់ប្រទេសដីកោះមួយនេះបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្ត្រីហ្វីលីពីន លោក ខាឡូ ណូហ្ក្រាល់ស៍ (Karlo Nograles) បានប្រាប់ឲ្យដឹងទៀតថា រដ្ឋាភិបាលកំពុងតែពិភាក្សាអំពីការរៀបចំ សេចក្តីសម្រេចចុងក្រោយ ក្នុងរួមមានទាំងការកំណត់ កាលបរិច្ឆេទច្បាស់លាស់ នៃការបើកទ្វារប្រទេសឡើងវិញផងដែរ។ លោក Nograles បានសង្កត់ធ្ងន់ថា ការបើកទ្វារទទួលភ្ញៀវទេសចរបរទេស មកពីបណ្តាប្រទេសដែលមានសុវត្ថិភាព គឺជាផ្នែកមួយនៃការចាប់ផ្តើម ផែនការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ហ្វីលីពីន។

ជុំវិញផែនការខាងលើ លោកស្រី រ៉ូមូឡូ ភូយ៉ាត (Romulo-Puyat) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានលើកឡើងនៅថ្ងៃសុក្រនេះថា ហ្វីលីពីននឹងបើកទ្វារសម្រាប់ «ប្រទេសបៃតង» (ជាប្រទេសមានហានិភ័យទាបពីជំងឺ COVID-19)។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មិត្តជិតខាង (អាស៊ាន) របស់យើងដូចជា ថៃ វៀតណាម និងកម្ពុជា បានធ្វើបែបនេះរួចទៅហើយ។ យើងជឿជាក់ថា វាដល់ពេលហើយដែលយើងត្រូវបើកព្រំដែន ដើម្បីស្វាគមន៍អ្នកទេសចរ នៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញយ៉ាងពេញលេញ»

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនដែលមានប្រជាជនសរុបជាង ១១០លាននាក់ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបជាង ២,៨០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤៦,០០០នាក់ និងជាសះស្បើយវិញ ២.៧៥លាននាក់។ ប៉ុន្មានថ្ងៃមកនេះ ហ្វីលីពីនបានមើលឃើញករណីឆ្លងប្រចាំថ្ងៃ ធ្លាក់ចុះវិញបន្តិចមកស្ថិតនៅក្នុងរង្វង់ជាង ១,០០០នាក់ក្នុងមួយថ្ងៃ ខណៈការចាក់វ៉ាក់សាំងបង្ការ COVID-19 ទើបសម្រេចបាន ៣៦.៧% នៃចំនួនប្រជាជនសរុប ដែលភាគច្រើនរស់នៅក្នុងរដ្ឋធានីម៉ានីល និងតំបន់ជុំវិញ៕