(តូក្យូ)៖ វាជាការបោះជំហានតូចមួយប៉ុណ្ណោះរបស់ជប៉ុន ប៉ុន្តែជា ឱកាសធំធេង សម្រាប់និស្សិតដែលសិក្សាមុខវិជ្ជា ពាក់ព័ន្ធនឹងវិស័យអវកាសនៅក្នុងប្រទេសនេះ ព្រោះជារឿងមិនធ្លាប់កើតមាននោះឡើយ សម្រាប់រយៈពេល ១៣ឆ្នាំកន្លងមក ដែលប្រទេសនេះប្រកាសជ្រើសរើសអវកាសយានិកថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាល្ងាចថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារស្រាវជ្រាវទីអវកាសជប៉ុន (JAXA) ស្ត្រីជប៉ុនត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ សម្រាប់ការជ្រើសរើសឲ្យអវកាសយានិកថ្មី លើកនេះផងដែរ ហើយបេក្ខជនទាំងអស់ មិនមែនសុទ្ធតែតម្រូវឲ្យមានសញ្ញាបត្រ ពាក់ព័ន្ធនឹងជំនាញផ្នែកវិទ្យាសាស្ត្រនោះឡើយ។ បច្ចុប្បន្នជប៉ុនមានអវកាសយានិក សរុបចំនួន ០៧នាក់ ដែលសុទ្ធសឹងជាបុរស។

គួរបញ្ជាក់ថា អ្នកដែលអាចដាក់ពាក្យបានគឺ «ត្រូវតែជាជនជាតិជប៉ុន» ទាំងស្ត្រី និងបុរស ដែលត្រូវមានកម្ពស់់ចាប់ពី ១៤៩.៥សង់ទីម៉ែត្រឡើងទៅ ហើយក្រោយពីការរើស និងបង្វឹករួច ពួកគេអាចនឹងត្រូវបញ្ជូនទៅបំពេញបេសកកម្ម នៅឋានព្រះច័ន្ទ, ស្ថានីយច្រកទ្វារអវកាសឋានព្រះចន្ទ (Lunar Gateway) ឬក៏ស្ថានីយអវកាសអន្តរជាតិ (ISS)។

ការប្រលងនឹងធ្វើឡើងដោយការសរសេរ ហើយមុខវិជ្ជាចម្បងៗគឺ វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វ័កម្ម, គណិតវិទ្យា និងភាសាអង់គ្លេសផងដែរ។ ការទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២។ JAXA អាចនឹងត្រូវការអវកាសយានិកថ្មីៗ យ៉ាងហោចណាស់ ២នាក់ ទៅ ៣នាក់បន្ថែមទៀត ហើយពួកគេត្រូវតែជាអ្នកដែលធ្លាប់បំពេញកិច្ចការងារ យ៉ាងហោចណាស់ ៣ឆ្នាំ គិតត្រឹមពេលដាក់ពាក្យប្រលង៕