(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានហៅការប្រើប្រាស់កាណុងបាញ់ទឹក ពីសំណាក់នាវាល្បាតចិន ទៅលើទូកដឹកសម្ភារៈមួយចំនួនរបស់ហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូងនោះថា ជាទង្វើគ្រោះថ្នាក់ បង្កហេតុ និងមិនសមហេតុផល ហើយអាមេរិកក៏បានព្រមានទៀតថា ការប្រើប្រាស់អាវុធណាមួយ វាយប្រហារទៅលើនាវាហ្វីលីពីន នឹងជំរុញឲ្យអាមេរិកអនុវត្ត ការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមកជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រាយស៍ (Ned Price) បានថ្លែងទៀតថា ទីក្រុងវ៉ាស៊ីនតោនតែងតែឈរនៅជាមួយ សន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់ខ្លួនជានិច្ច នោះគឺប្រទេសហ្វីលីពីន ចំពោះការគំរាមកំហែងដោយផ្ទាល់ចំពោះស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។

ដោយឡែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ក៏បានទាក់ទងដោយផ្ទាល់ ទៅកាន់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) ផងដែរ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីបញ្ជាក់ពីជំហរអាមេរិក ដែលនៅបន្តឈរនៅជាមួយសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍មួយនេះ ដោយឥតងាករេ។

គួរបញ្ជាក់ថា ប្រទេសចិនមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការលើកឡើងពីសំណាក់អាមេរិកខាងលើនេះឡើយ៕