(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) កំពុងតែពិចារណាក្នុងការធ្វើពហិការផ្នែកការទូត ចំពោះកម្មវិធីបើកព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការដកស្រង់ព័ត៌មានចេញពី កាសែតអង់គ្លេស The Times នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

កាសែតខាងលើនេះ បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក លីស ត្រាស់ (Liz Truss) ឲ្យដឹងថា ការជជែកដេញដោលយ៉ាងសកម្ម រវាងមន្ត្រីពាក់ព័ន្ធនៅក្នុងជួររដ្ឋាភិបាលអង់គ្លេស កំពុងតែប្រព្រឹត្តទៅនៅឡើយ ដើម្បីសម្រេចថាតើចក្រភពអង់គ្លេស គួរធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិខាងលើនេះ ដែរឬមួយក៏យ៉ាងណា។

បើតាមការគូសបញ្ជាក់ពីកាសែត The Times ប្រសិនបើអង់គ្លេសសម្រេចចិត្តធ្វើពហិការមែន នោះមានន័យថាលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន នឹងមិនទៅចូលរួមកម្មវិធីបើក ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយផ្ទាល់នោះឡើយ ហើយសូម្បីតែមន្ត្រីទូតអង់គ្លេសនៅទីនោះក៏ដូចគ្នាដែរ។

គួរបញ្ជាក់ថា ការប្រកាសអំពីចេតនារបស់អង់គ្លេសខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសអំពីគម្រោងធ្វើពិហិការនេះដូចគ្នា។ អ្នកវិភាគអន្តរជាតិបានមើលឃើញថា វាត្រូវបានប្រើប្រាស់ជាតវ៉ាចំពោះ របាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិងកំពុងព្យាយាមចោទប្រកាន់ ទៅលើចិនជាបន្តបន្ទាប់ បើទោះបីជាចិនបានច្រានចោល និងបង្ហាញភស្តុជាច្រើន អំពីការអភិវឌ្ឍប្រកបដោយសន្តិភាព និងវិបុលភាពនៅទីនោះក៏ដោយ៕