(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលលីទុយអានីបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា «ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី» ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំង និងការដាស់តឿនជាច្រើនលើក។ ទង្វើដ៏អាក្រក់របស់ភាគីលីទុយអានីនេះ បានល្មើសយ៉ាងកម្រោលនូវគោលការណ៍ប្រទេសចិនមួយ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល និងល្មើសនឹងពាក្យសន្យាផ្នែកនយោបាយ ដែលលីទុយអានីបានធ្វើក្នុងសេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ។ ភាគីចិននឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី។ ភាគីលីទុយអានីចាំបាច់ត្រូវទទួលរងផលវិបាកទាំងអស់ ដែលបណ្តាលមកពីការបំពានលើទំនុកចិត្ត។

យោងតាមសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូត ដែលភាគីទាំងពីរចិន និងលីទុយអានីបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩១ ភាគីលីទុយអានីបានទទួលស្គាល់យ៉ាងច្បាស់លាស់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃប្រទេសចិន តំបន់តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន ហើយបានសន្យាថា នឹងមិនបង្កើតទំនាក់ទំនងផ្លូវការ និងធ្វើការប្រាស្រ័យទាក់ទងផ្លូវការ ជាមួយតំបន់តៃវ៉ាន់នោះទេ។ ព្រមពេលជាមួយគ្នានេះ ដោយសារលីទុយអានីជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប បានជាលីទុយអានីចាំបាច់ត្រូវគោរពតាមគំនិតឯកភាពរួម អំពីគោលការណ៍ប្រទេសចិនមួយដែលចិន និងសហភាពអឺរ៉ុបបានឈានដល់។

កាលពីខែកក្កដាឆ្នាំនេះ លីទុយអានីបានឯកភាពគ្នាក្នុងការបង្កើតអ្វីដែលហៅថា «ទីស្នាក់ការ» នៅក្រុងវីលនីស រដ្ឋធានីលីទុយអានី របស់អាជ្ញាធរតៃវ៉ាន់ ដែលបានបំពានខ្សែបន្ទាត់ក្រោម ស្តីពីការមិនធ្វើការប្រាស្រ័យទាក់ទងផ្លូវការ ជាមួយអាជ្ញាធរតៃវ៉ាន់។ ធ្វើជាការព្រមាន ភាគីចិនបានប្រកាសកោះហៅ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅលីទុយអានី ឱ្យមកវិញកាលពីខែសីហាឆ្នាំនេះ ព្រមទាំងទាមទារឱ្យភាគីលីទុយអានី កោះហៅឯកអគ្គរដ្ឋទូតលីទុយអានី ប្រចាំនៅចិនទៅវិញ ដើម្បីកែតម្រូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងភ្លាម។ បច្ចុប្បន្ននេះ ភាគីលីទុយអានីបានធ្វើតាមទំនើងចិត្ត ល្មើសនឹងគោលការណ៍ប្រទេសចិនមួយយ៉ាងកម្រោល បង្ករឿងហេតុដែលប្រកបដោយគ្រោះថ្នាក់ចំពោះភាគីចិន ប្រការនេះបានលាតត្រដាងយ៉ាងពេញលេញ នូវការគិតមិនបានវែងឆ្ងាយខាងយុទ្ធសាស្ត្រ របស់អ្នកនយោបាយលីទុយអានី។

បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ចិន លីទុយអានីបង្ករឿងហេតុលើបញ្ហាតំបន់តៃវ៉ាន់ ពិតជាមិនដឹងសមត្ថភាពរបស់ខ្លួននោះទេ។ គោលការណ៍ប្រទេសចិនមួយ ជាគំនិតឯកភាពរួមលើផ្ទៃអន្តរជាតិ ហើយក៏ជាមូលដ្ឋាននយោបាយសម្រាប់ប្រទេសចិន អភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយប្រទេសផ្សេងទៀត។ ភាគីចិនបានអធិប្បាយយ៉ាងច្បាស់ជាច្រើនលើកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការសម្រេចការបង្រួបបង្រួមជាតិ គឺមានភាពយ៉ាងមុតមាំមិនងាករេ ហើយខ្សែបន្ទាត់ក្រហមនៃការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ក៏មិនអនុញ្ញាតឱ្យមានការបំពាននោះឡើយ។

លីទុយអានីចាំបាច់ត្រូវកែតម្រូវសេចក្តីសម្រេចចិត្តខុសភ្លាម ប្រសិនបើចចេសដើរតាមផ្លូវខុសឆ្គង ដែលល្មើសនឹងគោលការណ៍ប្រទេសចិនមួយ នោះមុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ និងទទួលរងផលវិបាកទាំងអស់ជាមិនខាន។ អ្នកណាក៏មិនអាចវាយតម្លៃទាប ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុត និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះឡើយ!៕ (#CCFR Comment#)