(ឡុងដ៍)៖ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា សហរដ្ឋអាមេរិកអាចនឹងមើលឃើញ កំណើននៃអ្នកឆ្លងជំងឺ COVID-19 យ៉ាងគំហុកនៅក្នុងរដូវរងាខាងមុខនេះ ជាពិសេសនៅបណ្តារដ្ឋដែលចុះត្រជាក់ខ្លាំងបំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែត The Guardian នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

កាសែតដដែលបានឲ្យដឹងទៀតថា ការកើនឡើងយ៉ាងខ្លាំងនៃករណី COVID-19 នៅអឺរ៉ុប គួរតែក្លាយជាការព្រមានដល់សហរដ្ឋអាមេរិក ពីព្រោះគិតត្រឹមពេលនេះ ប្រជាជនអាមេរិកតែ ៥៨.៦% ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយកម្រិតនេះ គឺទាបជាងអត្រានៃការចាក់វ៉ាក់សាំង នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ដែលឥឡូវនេះកំពុងតស៊ូប្រយុទ្ធ ជាមួយនឹងកំណើននៃអ្នកឆ្លង COVID-19 ទៅទៀត។ ប្រទេសអាល្លឺម៉ង់ និងបារាំងគឺជាឧទាហរណ៍ស្រាប់។

លើសពីនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានព្រមានថែមទៀតថា ការចែកចាយវ៉ាក់សាំងបង្ការ COVID-19 នៅតែមានភាពមិនស្មើគ្នាខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ទៅៗ។ ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ភីតទឺ ហូថេស (Peter Hotez) មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ បេយឡឺ (Baylor) និងជាសហនាយកនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ វ៉ាក់សាំងកុមារ-តិចសាច់ បានព្យាករណ៍ថា រលកថ្មីនៃការឆ្លងរាតត្បាត បង្កឡើងដោយរដូវរងាដ៏អាក្រក់ ហាក់ដូចជាកំពុងចាប់ផ្តើមហើយ។

អ្នកជំនាញខាងលើនេះ ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ប្រជាជនដែលមិនបានចាក់វ៉ាក់សាំងក៏មានចំនួនច្រើន ហើយបញ្ហានៃការចាក់វ៉ាក់សាំងដោយខ្វះចន្លោះក៏មានច្រើន ហេតុដូច្នេះវាមិនអាចឲ្យប្រទេសនេះ មានសមត្ថភាពទប់ទល់ ការឆ្លងរាតត្បាតនៃវីរុសបំប្លែកខ្លួន Delta ដ៏អាក្រក់នោះបានឡើយ។

គួរបញ្ជាក់ថា រដូវរងានៅសហរដ្ឋអាមេរិក តែងតែចាប់ផ្តើមពីចុងខែធ្នូ ដល់ចុងខែមីនា (ឬស្មើនឹងរយៈពេល ៣ខែ)៕