(ឡាអេ)៖ ប្រធានរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវ ការស៉ើបអង្កេតលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលគេសង្ស័យថា មានការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ការីម ខាន់ (Karim Khan) ប្រធានរដ្ឋអាជ្ញា ICC បាននិយាយដូច្នេះថា «តុលាការ ICC បានផ្អាកសកម្មភាពស៉ើបអង្កេតរបស់ខ្លួនជាបណ្តោះអាសន្ន ខណៈតុលាការត្រូវពិនិត្យមើលសំណើរបស់ទីក្រុងម៉ានីល ដែលបានលើកឡើងអំពីការស៉ើបអង្កេតរបស់អាជ្ញាធរហ្វីលីពីនផ្ទាល់ ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀននោះ។ ជាមួយគ្នានេះ ICC ក៏នឹងស្វែងរកព័ត៌មានបន្ថែមទៀតពីហ្វីលីពីនផងដែរ»

កាលពីខែកញ្ញា ឆ្នាំ២០២១នេះ តុលាការ ICC បានសម្រេចអនុញ្ញាតឲ្យបើកការស៉ើបអង្កេត ទៅលើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់ លោក ឌូតឺតេ ដែលបានផ្តាច់ជីវិតជនសង្ស័យរាប់ពាន់នាក់។ ក្រុមសិទ្ធិមនុស្សបាននិយាយថា ពួកគេទាំងនោះប្រហែលជាត្រូវបាន អាជ្ញាធរហ្វីលីពីនសម្លាប់ ប៉ុន្តែទីក្រុងម៉ានីលបានអះអាងថា ការសម្លាប់គឺធ្វើឡើងក្រោមការការពារខ្លួន ហើយ ICC មិនមានសិទ្ធិអ្វីចូលទៅជ្រៀតជ្រែកឡើយ។

គួរបញ្ជាក់ថា លោក ឌូតឺតេ បានដកហ្វីលីពីនចេញពី ICC កាលពីឆ្នាំ២០១៨ ហើយបាននិយាយថា តុលាការអន្តរជាតិនេះ ពុំមានដែនសមត្ថភាព ដើម្បីចោទប្រកាន់ ឬកាត់ទោសរូបលោកនោះទេ។ យ៉ាងណាមិញ តុលាការ ICC បានប្រកាន់ជំហរថា ខ្លួនមានដែនសមត្ថកិច្ច ដើម្បីស៉ើបអង្កេតលើបទល្មើសផ្សេងៗ ដែលត្រូវបានប្រព្រឹត្ត អំលុងពេលដែលហ្វីលីពីននៅជាសមាជិក៕