(ខាទុំ)៖ ក្រុមអ្នកសម្របសម្រួលការចរចា បានបង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យោធាស៊ូដង់នឹងតែងតាំង លោក អាប់ដាល់ឡា ហាំដុក (Abdalla Hamdok) ឲ្យធ្វើជានាយករដ្ឋមន្រ្តីដូចដើមវិញ ក្រោយកិច្ចព្រមព្រៀងត្រូវសម្រេចបាន រវាងភាគីពាក់ព័ន្ធទាំងឡាយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមប្រភពខាងលើ កិច្ចព្រមព្រៀងនយោបាយមួយ ត្រូវសម្រេចបានរវាងប្រមុខដឹកនាំយោធាស៊ូដង់ លោក អាប់ឌែល ហ្វាត់តា អាល់ បឺហាន (Abdel Fattah al-Burhan), លោក ហាំដុក, និងគណបក្សនយោបាយផ្សេងៗ រួមទាំងអង្គការសង្គមស៉ីវិល សម្រាប់ការវិលត្រឡប់ទៅកាន់តំណែងដូចដើមរបស់លោក ហាំដុក រួមជាមួយការដោះលែងអ្នកនយោបាយទាំងអស់ ដែលបានជាប់ឃុំឃាំង។

គួរបញ្ជាក់ថា ស៊ូដង់បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ បន្ទាប់ពីលោក អាល់ បឺហាន បានដឹកនាំការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ ដោយចាប់ខ្លួនលោក ហាំដុក និងរដ្ឋមន្រ្តីមួយចំនួនរបស់លោក។ ការធ្វើរដ្ឋប្រហារនោះ បានកើតឡើង បន្ទាប់ពីក្រុមយោធានិងក្រុមស៉ីវិល បានចែករំលែកអំណាចគ្នា ក្រោយរួមកម្លាំងផ្តួលរំលំ អតីតមេដឹកនាំកាន់អំណាចរាប់ទសវត្សរ៍គឺលោក អូម៉ារ អាល់បាសៀរ (Omar al-Bashir) កាលពីឆ្នាំ២០១៩៕