(ប៉េកាំង)៖ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានីមិនអើពើ នឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើនលើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បង្កើតអ្វីដែលហៅថា «ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី»

ទង្វើបែបនេះបានបង្កជាទិដ្ឋភាព «ចិនមួយតៃវ៉ាន់មួយ» លើផ្ទៃអន្តរជាតិដែលល្មើសនឹងគោលការណ៍ប្រទេសចិនមួយយ៉ាងគឃ្លើន ល្មើសនឹងពាក្យសន្យាខាងនយោបាយ ដែលភាគីលីទុយអានីបានធ្វើក្នុងសេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ដូចនេះទង្វើនេះមានលក្ខណៈអាក្រក់ខ្លាំងណាស់ ។ ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានសម្រេចចិត្តបញ្ចុះទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរមកនៅត្រឹមថ្នាក់ភារធារី។

សូមបញ្ជាក់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលអាចតំណាងឱ្យប្រទេសចិនទាំងមូល។ គោលការណ៍ប្រទេសចិនមួយជាគំនិតឯកភាពរួម នៃសហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលទទួលបានការទទួលស្គាល់ជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិ ហើយក៏ជាមូលដ្ឋាននយោបាយសម្រាប់ប្រទេសចិន អភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយប្រទេសលីទុយអានីផងដែរ។

ដោយមកពីមូលដ្ឋាននយោបាយសម្រាប់ បង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូត ត្រូវបានបំផ្លាញដោយលីទុយអានី បានជា ដើម្បីគាំពារអធិបតេយ្យភាពរបស់ខ្លួន និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលចិនបានបញ្ចុះទំនាក់ទំនងការទូត រវាងចិននិងលីទុយអានីមកនៅត្រឹមថ្នាក់ ភារធារីដោយខានពុំបាន។ ភាគីលីទុយអានីចាំបាច់ត្រូវទទួលរងផលវិបាកទាំងអស់ ដែលបណ្តាលមកពីរឿងនេះ។

ជាងនេះទៅទៀត យើងក៏សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់យ៉ាងម៉ឺងម៉ាត់ថា ដើមឡើយ តៃវ៉ាន់មិនមែនជាប្រទេសមួយនោះទេ ។ ការប៉ុនប៉ងស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យដោយប្រើបរទេស ធ្វើជាសន្លឹកបៀនិងលេងកលល្បិចនយោបាយ ទីបំផុតពិតជានឹងគ្មានច្រកចេញជាមិនខាន៕