(ស៊ីដនី)៖ នៅទីបំផុតសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយហើយ ដើម្បីឲ្យអូស្ត្រាលីអាចបំពាក់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ស្របតាមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) ដែលត្រូវបានបង្កើតឡើងតាំងតែពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក ភីតថឺ ដតថុន (Peter Dutton) បានចូលរួមជាមួយតំណាងទូត នៃសហរដ្ឋអាមេរិក និងអូស្ត្រាលី ក្នុងការចុះហត្ថលេខាខាងលើនេះ នៅលើទឹកដីអូស្ត្រាលី ដើម្បីឲ្យប្រទេសទាំងបីអាចចែករំលែក បច្ចេកវិទ្យាចម្បងៗ ទាក់ទងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នៅក្នុងវិស័យជើងទឹក។

នេះជាកិច្ចព្រមព្រៀងលើផ្នែកបច្ចេកវិទ្យាលើកដំបូងហើយ ដែលត្រូវបានចុះហត្ថលេខាជាសាធារណៈរវាងប្រទេសទាំងបី គិតចាប់តាំងពីការប្រកាស បង្កើតសម្ព័ន្ធភាពត្រីភាគី AUKUS ដែលបាននិងកំពុងប្រឈមនឹងការរិះគន់ខ្លាំងៗ ពីសំណាក់ប្រទេសចិន។ កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យចិន ខឹងសម្បារដោយហៅថា ជាការគំរាមកំហែងដែល «គ្មានភាពទទួលខុសត្រូវ ទាល់តែសោះ» ចំពោះស្ថិរភាពក្នុងតំបន់។

នៅមុនការចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅរដ្ឋធានីកង់បេរ៉ារវាង លោក Peter Dutton, លោក ម៉ៃខឺល ហ្គោលមែន (Michael Goldman) ជាតំណាងបេសកកម្មការទូតអាមេរិក ប្រចាំនៅអូស្ត្រាលី និងលោកស្រី វិចតូរៀ ទ្រីឌែល (Victoria Treadell) ប្រធានឧត្តមស្នងការចក្រភពអង់គ្លេស, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា «កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវឥរិយាបថ ការពារគ្នាទៅវិញទៅមករបស់យើងបន្ថែមទៀត»

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង AUKUS ប្រទេសអូស្ត្រាលីនឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអែរទំនើបបំផុតចំនួន ៨គ្រឿង ដែលមានសមត្ថភាពបំបាំងកាយ និងធ្វើបេសកកម្មក្នុងរយៈចម្ងាយឆ្ងាយ។ កិច្ចព្រមព្រៀងនេះ ក៏នឹងចែករំលែកព័ត៌មានសម្ងាត់, បញ្ញាសិប្បនិមិត្ត (AI) និងផលប្រយោជន៍នៃការស្រាវជ្រាវក្រោមសមុទ្រផងដែរ៕