(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូលរវាងប្រទេសចិន និងអាស៊ាន បានប្រព្រឹត្តទៅដោយគ្មានវត្តមាន តំណាងនៃប្រទេសមីយ៉ាន់ម៉ានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានសិង្ហបុរី CNA នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បណ្តាប្រទេសអាស៊ាន (មិនមានមីយ៉ាន់ម៉ា) បានព្រមព្រៀងជាមួយចិនថា នឹងអនុញ្ញាតឲ្យតំណាងមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិន ចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ, ប៉ុន្តែក្រោយមកទៀត គេពុំបានឃើញការឆ្លើយតបណាមួយ ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា ហើយក៏គ្មានប្រភពណាមួយដែលអាចឲ្យអាស៊ាន ធ្វើការទាក់ទងដើម្បីសួរនាំអំពីបញ្ហានេះដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីការទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សហភាពមីយ៉ាន់ម៉ាបានស្ថិតនៅក្រោមដឹកនាំ ដោយរដ្ឋាភិបាលបណ្តោះអាសន្ន ដែលមានលោក មីង អោង ហ្លេង ជាប្រមុខ ចំពោះមុខការមិនទទួលស្គាល់ពី មហាអំណាចលោកខាងលិច និងអង្គការសហប្រជាជាតិ។

បណ្តាប្រទេសអាស៊ានបានព្យាយាមចូលខ្លួនដោះស្រាយបញ្ហា ដោយបង្កើតគោលការណ៍ ៥ ចំណុច ក្នុងន័យកៀរគរឲ្យគ្រប់ភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ា ដោះស្រាយយបញ្ហាជាមួយគ្នាដោយសន្តិវិធី និងស្តារស្ថានការណ៍ជារួម ឲ្យល្អប្រសើរឡើងវិញ ប៉ុន្តែបំណងនេះត្រូវបានគេមើលឃើញថា មិនបានសម្រេចឡើយ ទើបលោក មីន អោង ហ្លេង មិនត្រូវបានបញ្ជើញឲ្យចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ានជាបន្តបន្ទាប់។

ទោះបីជាអាស៊ាន បានសម្រួលឲ្យមីយ៉ាន់ម៉ា អាចបញ្ជូនតំណាងដែលមិនមែនជាអ្នកនយោបាយ ឲ្យចូលរួមកិច្ចប្រជុំកំពូលកន្លងមកនេះក្តី ក៏រដ្ឋាភិបាលស្ថិតក្រោមរបបយោធា មិនបានរៀបចំបញ្ជូនមកឡើយ និងបានស្តីបន្ទោសអាស៊ានវិញថា បានដើរតួនាទីខុសពីធម្មនុញ្ញរបស់ខ្លួន នោះគឺការមិនលូកលាន់ កិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ហើយបែរជាធ្វើតាមសម្ពាធពីលោកខាងលិចទៅវិញ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ ដែលជាការប្រារព្ធខួបលើកទី ៣០ នៃការបង្កើតតុសន្ទនានេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំកំពូលអាស៊ានទាំង ៩រូបថា ទីក្រុងប៉េកាំងនឹងមិនធ្វើការបង្ខិតបង្ខំ ឬដាក់សម្ពាធណាមួយ ចំពោះបណ្តាប្រទេសអាស៊ានទាំងអស់នោះឡើយ។

ប្រមុខដឹកនាំកំពូលចិនបានថ្លែងយ៉ាងដូច្នេះថា «ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬទាញយកផលប្រយោជន៍ ដោយអាងខ្លួនជាប្រទេសធំ ហើយទៅសម្លុតគំរាមប្រទេសតូចៗនោះឡើយ។ ចិននឹងធ្វើការជាមួយអាស៊ាន ដើម្បីលុបបំបាត់ការជ្រៀតជ្រែក។ ប្រទេសចិន គឺជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងជាដៃគូដ៏ល្អរបស់អាស៊ាន»