(សេអ៊ូល)៖ កូរ៉េខាងជើងបានអំពាវនាវឲ្យមានការលើកតម្កើង សម័យកាលដឹកនាំរបស់លោក គីម ជុងអ៊ុន បន្ថែមទៀត ខណៈដែលសន្និសីទទ្រង់ទ្រាយធំ ស្តីពីកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ត្រូវបានបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

សន្នីសីទលើកទី៥ នៃយុទ្ធជនឈានមុខក្នុងចលនាបដិវត្តន៍៣ ដែលបានប្រារព្ធឡើងនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទើបតែបានបិទបញ្ចប់ទៅវិញ ជាមួយការអនុម័តនូវសេចក្តីអំពាវនាវឲ្យ មានការលើកតម្កើងខ្លាំងថែមទៀត ចំពោះសម័យកាលដឹកនាំអស្ចារ្យរបស់លោក គីម ជុងអ៊ុន។

សន្និសីទខាងលើនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយបិតាស្ថាបនិករបស់កូរ៉េខាងជើង គឺលោក គីម អ៉ីលស៊ុង ដែលត្រូវជាជីតារបស់ លោក គីម ជុងអ៊ុន ក្នុងគោលបំណងបន្តចលនាបដិវត្តន៍របស់ប្រទេស នៅក្នុងផ្នែកមនោគមន៍វិជ្ជា បច្ចេកវិទ្យា និងវប្បធម៌ បើទោះបីជាប្រព័ន្ធសង្គមនិយម ត្រូវបានបង្កើតឡើងក៏ដោយ។

គួរបញ្ជាក់ថា កូរ៉េខាងជើងហាក់បាននិងកំពុងបន្តព្យាយាម លើកកម្ពស់មុខមាត់របស់លោក គីម ជុងអ៊ុន បន្ថែមទៀត នៅមុនគម្រប់ខួប១០ឆ្នាំ នៃការដឹកនាំរបស់លោក គីម។ លោក គីម ជុងអ៊ុន បានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីឪពុកលោក គឺលោក គីម ជុងអ៉ីល បានទទួលមរណភាព៕